Connect with us

ព័ត៌មាន

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 កំពុងប្រព្រឹត្តទៅនៅថ្ងៃនេះនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ កម្មវិធីនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានវាទគ្មិនជំនាញផ្នែកកសិកម្ម និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប ចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណង លើកស្ទួយ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើននៅកម្ពុជា។

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 មានស្ដង់ប្រមាណជា ៤០០ ដាក់បង្ហាញនូវកសិផលយុទ្ធសាស្ត្រ ៩មុខ មានដូចជា៖ អង្ករ ស្វាយចន្ទី ម្រេច បន្លែ ត្រី ដំឡូងមី កៅស៊ូ ឈើ និងស្វាយ និងផលិតផលផ្សេងៗជាច្រើនទៀត ព្រមទាំងមានដាក់តាំងបង្ហាញផលិតផលកសិកម្ម គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យាដ្រូន បច្ចេកវិទ្យាឌីជីថល ធាតុចូលកសិកម្ម បច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ជាដើម។ វេទិកានេះ មានអ្នកចូលរួមទស្សនាប្រមាណ ២ម៉ឺន៥ពាន់នាក់ និងកសិករជាង២ពាន់នាក់។

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការកែច្នៃផលិតផលកសិ-ស្បៀងអាហារ ក៏ដូចជាការជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិកម្មនៅកម្ពុជា ព្រមទាំងបង្កើតឱកាស និងកៀរគរទុនវិនិយោគថ្មីៗលើវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ ដើម្បីពង្រីកទីផ្សារសម្រាប់កសិផល និងផលិតផលកសិ-ស្បៀងអាហាររបស់កម្ពុជាទាំងក្នុង និងក្រៅប្រទេស៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia