ព័ត៌មាន
ផលិតផលក្នុងស្រុកកាន់តែច្រើនហក់ចូលទីផ្សារទំនើបយ៉ាងទូលំទូលាយ ក្រោមចលនាគាំទ្រផុលផុសពីពលរដ្ឋ
ផលិតផលក្នុងស្រុក កាន់តែសម្រុកចូលទីផ្សារទំនើបយ៉ាងទូលំទូលាយ ក្រោមចលនាគាំទ្រក៏កាន់តែផុលផុស បង្ហាញពីស្មារតីជួយជ្រោមជ្រែងពង្រឹងសេដ្ឋកិច្ចជាតិ។
លោកស្រី តាំង សុជាតា ប្រធានគ្រប់គ្រងទូទៅ សហគ្រាស មីនីម៉ាត បាយកូនខ្មែរ ដែលប្រមូលផ្ដុំផលិតផលខ្មែរ ដាក់លក់បន្ត ស្ថិតនៅដីឡូតិ៍៦០០ និង៦០១ ផ្លូវ 2Pក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រាប់ BTV នៅថ្ងៃទី២៣ ខែតុលា នេះ ថា ផ្សារទំនើបរបស់លោកស្រី ត្រូវបានបង្កើតឡើង កាលពីខែកញ្ញា ឆ្នាំ២០២៥ ព្រោះការឈឺចាប់ដោយសារការមើលងាយ និងការឈ្លានពានពីប្រទេសថៃ ខណៈបងប្រុសធំរបស់លោកស្រី គឺជាកងទ័ពជួរមុខការពារព្រំដែន។ មកដល់បច្ចុប្បន្ននេះ ផ្សាររបស់អ្នកស្រី មានទំនិញជាង៦០០មុខ ដែលជាង ៥០០មុខគឺជាផលិផលខ្មែរ។
លោកស្រីអះអាងថា ផលិតផលខ្មែរ ត្រូវបានផ្ដល់អាទិភាពខ្ពស់ ឱ្យតែចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ និងធានាគុណភាព សុវត្ថិភាពជូនពលរដ្ឋ។
លោក ភក្ដី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ប្រាប់ថា លោកនិងក្រុមគ្រួសារ គាំទ្រផលិតផលខ្មែរតាំងពីដើមមក។ ហើយការគាំទ្រកាន់ខ្លាំង បន្ទាប់ពីប្រទេសថៃបានឈ្លានពានកម្ពុជា សម្លាប់ពលរដ្ឋខ្មែរនៅព្រំដែន និងរំលោភបំពានអធិបតេយ្យកម្ពុជា។ លោកកត់សម្គាល់ ថា ចរន្ដ នៃការគាំទ្រផលិតផលក្នុងស្រុកកាន់តែផុលផុស ខណៈគុណភាពកាន់តែល្អ និងអាចផ្គត់ផ្គង់បានទូទាំងប្រទេស។
កញ្ញា កុម្ភៈ ពលរដ្ឋរស់នៅសង្កាត់គោកឃ្លាង រាជធានីភ្នំពេញ ប្រាប់ថា ផ្ទះរបស់កញ្ញាបានងាកមកប្រើផលិតផលខ្មែរទាំងស្រុង ហើយក៏នឹងបន្តប្រើតែផលិតផលខ្មែរទៅមុខទៀត។ កញ្ញា ថា ការតាំងចិត្តមុតមាំគាំទ្រផលិតផលខ្មែរដោយគ្មានថ្ងៃកែប្រែនេះ ដោយសារកឈឺចាប់សង្រ្គាមថៃឈ្លានពានកាលពីឆ្នាំ២០២៥។ ហើយមួយវិញទៀត ចង់ឱ្យប្រទេសជាតិមានឯករាជ្យខាងសេដ្ឋកិច្ច ពលរដ្ឋមានការងារធ្វើ មិនបាំចាប់ចំណាកស្រុកទៅក្រៅប្រទេស ពិសេសគឺឈប់ទៅកាន់ប្រទេសថៃ។
កញ្ញា ច្រឹក រជ្ជនី ពលរដ្ឋនៅសង្កាត់គោកឃ្លាង មួយរូបទៀត លើកឡើងថា ការប្រើប្រាស់ផលិតផលខ្មែរ មិនមែនគ្រាន់តែចងចាំការឈឺចាប់ពីការឈ្លានពានតែមួយមុខនោះទេ។ ប៉ុន្ដែក៏ព្រោះផលិតផលខ្មែរ បន្តអភិវឌ្ឍលើកកម្ពស់គុណភាពល្អជាងមុន ក្រោមការជួយតម្រង់ផ្លូវ គាំទ្រ និងលើកកម្ពស់បច្ចេកទេសពីរាជរដ្ឋាភិបាល។ កញ្ញា អរគុណប្រមុខរាជរដ្ឋាភិបាល ដែលបន្តខិតខំទាំងការអភិវឌ្ឍជាតិ និងលើកកម្ពស់ការផលិតនៅក្នុងស្រុក ដើម្បីកុំឱ្យប្រាក់ហូរចេញពីកម្ពុជា ពិសេសកុំឱ្យហូរទៅកាន់ប្រទេសឈ្លានពាន ដែលយកលំហូរសាច់ប្រាក់ពីកម្ពុជាទៅទិញអាវុធឈ្លានពានកម្ពុជា។
សូមរំឭកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី២២ ខែតុលា ម្សិលមិញ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» បានថ្លែងឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ មានផលិតផលក្នុងស្រុកប្រមាណ២.៦០០មុខ បានចុះបញ្ជីផលិតផលនៅក្រសួងឧស្សាហកម្ម កើនឡើងប្រមាណ១.១០០មុខផលិត ផល បើធៀបនឹង ៩ខែដូចគ្នា កាលពីឆ្នាំមុន (ប្រមាណ១.៥០០មុខផលិតផល)។ ស្របពេលដែលផលិតផលក្នុងស្រុកកំពុងមានសម្ទុះកើនឡើងបែបនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ព្រមទាំងផ្សារទំនើប អ្នកលក់ដុំ អ្នកចែកចាយ និងអ្នកនាំចេញ សូមបន្តគាំទ្រ និងផ្តល់អាទិភាពដល់ផលិតផលខ្មែរដែលមានគុណភាព។ សម្ដេចធិបតីបានចាត់ទុកការគាំទ្រផលិតផលក្នុងស្រុក មិនត្រឹមតែជួយដល់ម្ចាស់សហគ្រាសផលិតនោះទេ ប៉ុន្តែជួយរក្សាការងារ បង្កើតចំណូល ជំរុញផលិតកម្ម និងរក្សាតម្លៃបន្ថែមឱ្យស្ថិតនៅក្នុងសេដ្ឋកិច្ចរបស់ជាតិ៕ អត្ថបទ៖ លៀ ស៊ីណា










-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន