Connect with us

ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរចំពោះការខិតខំប្រឹងប្រែង និងលះបង់របស់អនុគណៈកម្មការកំណែវិញ្ញាសា ខណៈព្រឹកនេះដំណើរការកំណែសន្លឹកកិច្ចការ និងបញ្ចូលពិន្ទុប្រឡងប្រជែងគ្រូមធ្យមសិក្សាឈានដល់ថ្ងៃទី៦

ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានបង្ហាញការកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងលះបង់របស់អនុគណៈកម្មការកំណែវិញ្ញាសា ខណៈព្រឹកនេះដំណើរការកែ និងស្រង់បូកសរុបពិន្ទុគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតមធ្យមសិក្សាចូលដល់ថ្ងៃទី៦ហើយ។

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា៖«ក្នុងនាមប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងលះបង់របស់អនុគណៈកម្មការកំណែវិញ្ញាសា ដែលព្រឹកនេះ ដំណើរការកែ និងស្រង់បូកសរុបពិន្ទុ ចូលដល់ ថ្ងៃទី៦ហើយ។ ក្នុងនោះទោះមានការហត់នឿយយ៉ាងណាក្តី គ្រប់គ្នាពិតជាបន្តបំពេញភារកិច្ចដោយមានការយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា ហើយក៏ដឹងថា បេក្ខជនដែលបានឆ្លងកាត់ការប្រឡង កំពុងទន្ទឹងរង់ចាំលទ្ធផល»។

ឯកឧត្តមបន្តថា ទោះយ៉ាងណា កិច្ចការទាំងអស់នេះ ត្រូវការពេលវេលា ពិនិត្យផ្ទៀងផ្ទាត់ គិតគូរដោយហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសការបូកស្រង់ពិន្ទុ និងការរៀបចំបែងចែកស្របទៅតាមជំនាញឯកទេស និងវិទ្យាល័យ-អនុវិទ្យាល័យគោលដៅ នៅតាមមូលដ្ឋានក្រុងស្រុកនីមួយៗ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា៖«យើងខ្ញុំ នឹងបន្តពន្លឿនបញ្ចប់កិច្ចការនេះ ដើម្បីប្រកាសជាស្ថាពរនូវលទ្ធផលសម្រាប់គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតមធ្យមសិក្សា ឆ្នាំសិក្សា២០២៦-២០២៧ ក្នុងពេលឆាប់ៗ ឆ្លើយតបនឹងការរំពឹងទុករបស់បេក្ខជន។ គ្រប់ដំណាក់កាល បានប្រកាន់ខ្ជាប់នូវគោលការណ៍គុណាធិបតេយ្យ យុតិ្តធម៌ សុក្រឹត្យ តម្លាភាព និងឱកាសស្មើៗគ្នាសម្រាប់បេក្ខជនទាំងអស់»៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia