Connect with us

ព័ត៌មាន

សម្តេចធិបតី ចង់ឃើញ ១០ឆ្នាំក្រោយ ៨០ភាគរយ ជាផលិតក្នុងស្រុក ហើយ ២០ភាគរយ នាំពីក្រៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស សម្ដេចធិបតី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​បើក​ពិព័រណ៍​ផលិត​ផល​ខ្មែរ លើកទី៤ ក្រោម​ប្រធាន​បទ «រួម​គ្នា​ផលិត​ រួ​មគ្នាប្រើផលិតផលជាតិ» នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម៣ភាគរយ នៃពាណិជ្ជកម្មជាមួយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យមានការសិក្សាផលិតត្រីក្នុងស្រុកជាត្រីខកំប៉ុង។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្ដេច ចង់ឃើញ ១០ឆ្នាំក្រោយ ៨០ភាគរយ ជាផលិតផលផលិតក្នុងស្រុក ហើយ ២០ភាគរយ នាំពីក្រៅ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សហគមន៍ខ្មែរនៅក្រៅប្រទេស សុទ្ធតែជាច្រកនៃទីផ្សារផលិតខ្មែរ។ អាស្រ័យហេតុនេះហើយទើបរាជរដ្ឋាភិបាល គិតគូរពីការបង្កើតសភាពាណិជ្ជកម្មនៅតាមប្រទេសនានា ដូចជានៅកាណាដា អូស្ត្រាលី អាមេរិក និងបារាំងជាដើម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គោលនយោបាយមានតែនៅលើមេឃ ហើយអត់ជាប់ដីអត់បានសម្រេចទេ។ សម្តេច មានប្រសាសន៍ប្រាប់ម្ចាស់សហគ្រាសកង់រថយន្តថា ផលិតករកុំដេកក្នុងពេលបិទទ្វារព្រំដែនជាមួយថៃ ត្រូវប្រឹងភ្ជាប់ជាមួយអ្នកប្រើ។

គួរបញ្ជាក់ថា «ពិព័រណ៍ផលិតផលខ្មែរ» លើកទី៤ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិត​ផលជាតិ» រៀបចំឡើងដោយ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង​មធ្យម​នៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ។

ពិព័រណ៍នេះ រៀបចំឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី២០ ដល់ ២២ ខែវិច្ឆិកា ឆ្នាំ២០២៦ សាលសន្និ​បាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ។ «ពិព័រណ៍ផលិតផលខ្មែរ» រៀបចំឡើង ក្នុងគោលបំណងផ្តល់​ឱកាស​ឱ្យសហគ្រាសផលិតទាំងអស់ បានចូលរួមតាំងបង្ហាញ និងផ្សព្វផ្សាយដល់អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត ព្រមទាំងអ្នកប្រើប្រាស់ ដើម្បីទំនាក់ទំនងគ្នា ព្រមទាំងបង្ហាញសក្តានុពល​ផលិត​ផល​ជាតិជូនដល់មហាជន និងអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក ឱ្យស្គាល់កាន់តែច្បាស់ពី​គុណ​ភាពផលិតផលក្នុងស្រុក៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia