ព័ត៌មាន
ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចេញដំណើរទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩
ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន១៦រូប តំណាងកម្ពុជា កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានចេញដំណើរទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ហៅកាត់ថា SSEAYP លើកទី៤៩ ឆ្នាំ២០២៦ បន្ទាប់ពីឆ្លងកាត់កម្មវិធីបណ្តុះបណ្តាលមុនចេញដំណើរអស់រយៈពេល ៩៥ថ្ងៃ។
តាមការឱ្យដឹងរបស់ លោកជំទាវ អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា អាណត្តិទី១០ សាទរចំពោះប្រតិភូយុវជនទាំង១៦រូប ដែលបានឆ្លងកាត់ការជ្រើសរើសប្រកបដោយតម្លាភាព សុក្រឹត្យភាព និងយុត្តិធម៌ រហូតទទួលបានសេចក្តីសម្រេចពីអគ្គនាយកដ្ឋានយុវជន ដឹកនាំដោយ លោកជំទាវ ស្រូយ សុជាតិ ជ្រើសរើសជា «យុវជនតំណាងកម្ពុជា» ចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦។
លោកជំទាវ បានលើកឡើងបន្តថា ក្នុងរយៈពេល៩៥ថ្ងៃ ពីថ្ងៃចាប់ផ្តើម ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ រហួតដល់ថ្ងៃបិទបញ្ចប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ គណៈកម្មការដឹកនាំវគ្គបណ្តុះបណ្តាល បានស្ម័គ្រចិត្តចំណាយអស់ហើយ ទាំងពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ហាត់ពត់ លត់ដំ និងដុះខាត់ប្អូនៗ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យប្អូនៗប្រតិភូយុវជនមានចំណេះដឹង និងបទពិសោធន៍ ជាពិសេសជំនាញទន់ ដែលត្រូវការជាចាំបាច់សម្រាប់ប្រាស្រ័យទាក់ទង និងចូលរួមសកម្មភាពលើកប៉ាល់ និយាយដោយឡែក និងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ និយាយជារួម។
លោកជំទាវប្រធានសមាគម សូមថ្លែងអំណរគុណដល់គណៈកម្មការដឹកនាំវគ្គបណ្តុះបណ្តាលមុនចេញដំណើរ ដែលបានដឹកនាំ និងអនុវត្តការងាររបស់ខ្លួនប្រកបដោយឆន្ទៈមុះមុត និងការលះបង់ខ្ពស់បំផុត បើទោះជាការងារបណ្តុះបណ្តាលប្អូនៗនេះ ជាការងារស្ម័គ្រចិត្ត ពុំទទួលបានប្រាក់កម្រៃ និងនឿយហត់ខ្លាំងក៏ដោយ។ លោកជំទាវ សង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រតិភូទាំងអស់នេះ នឹងបង្ហាញទៅកាន់យុវជនមកពីប្រទេសសមាជិកអាស៊ាន និងប្រទេសជប៉ុន ឱ្យដឹងថាប្រតិភូយុវជនកម្ពុជា មានសមត្ថភាព និងសក្ដានុពល និងជាពិសេស មានសុជីវធម៌ សីលធម៌ គុណធម៌ មិនចាញ់យុវជនមកពីបណ្ដាប្រទេសផ្សេងៗឡើយ។
សូមជម្រាបថា ប្រតិភូយុវជនកម្ពុជាទាំង ១៦រូប ដឹកនាំដោយប្រធានប្រតិភូ ១រូប នឹងចាប់ផ្ដើមចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន និងបន្តដំណើរតាមកប៉ាល់ចេញពីប្រទេសជប៉ុនទៅកាន់ប្រទេសសិង្ហបុរី មុននឹងធ្វើមាតុភូមិនិវត្តន៍វិញ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦៕





-
ព័ត៌មាន7 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា