Connect with us

ព័ត៌មាន

ក្រសួងសាធារណការនិងដឹកជញ្ជូន ដាក់វិធានការ៣ចំណុច ដើម្បីបញ្ចៀសការបុកប៉ះ គ្រោះថា្នក់ផ្សេងៗ និងការងារសុវត្ថិភាពចរាចរណ៍តាមផ្លូវដែក

ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បីបញ្ចៀសការបុកប៉ះ គ្រោះថា្នកា់ផ្សេងៗ និងការងារសុវត្ថិភាពចរាចរណ៍តាមផ្លូវដែក ក្រសួងបានដាក់វិធានការចំនួន៣ចំណុច គឺការដាក់របារ និងការបំពាក់ហេដ្ឋារចនាសម្ព័ន្ធការពារសុវត្ថិភាព, ការបំពាក់ផ្លាកសញ្ញាចរាចរណ៍, និងការអប់រំផ្សព្វផ្សាយ។

លោក ផន រឹម បានលម្អិតលើវិធានការទាំង៣ចំណុចនោះរួមមាន៖

វិធានការបន្ទាន់ទី១៖ ការដាក់របារ និងការបំពាក់ហេដ្ឋារចនាសម្ព័ន្ធការពារសុវត្ថិភាព៖

• ក្រុមហ៊ុនRoyal railway Cambodia(RRC) បង្កើនការដាក់ឆ្មាំរបារនៅតាមទីតាំងចំណុចប្រសព្វ ដោយជ្រើសរើសបន្ថែមនូវប្រជាជនមូលដ្ឋាន ជាពិសេសប្រជាការពារ(តាមការណែនាំរបស់ សម្ដេចធិបតី) ដើម្បីផ្ដល់សញ្ញា បិទផ្លូវ និងសម្របសម្រួលចរាចរណ៍ នៅពេលមានរថភ្លើងធ្វើដំណើរឆ្លងកាត់ ហើយក្រុមហ៊ុនជាអ្នកទទួលបន្ទុកផ្ដល់ថវិកាឧបត្ថម្ភលើកទឹកចិត្ត។

• ក្រុមហ៊ុន RRC និងនាយកដ្ឋានផ្លូវដែករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានរួមគ្នាចុះត្រួតពិនិត្យ វាយតម្លៃឡើងវិញ និងប្រមូលទិន្នន័យទីតាំងផ្លូវប្រសព្ទសំខាន់ៗ ហើយក្រុមហ៊ុនបានបំពាក់របារបន្ថែមដែលទាញដោយមនុស្ស ឬរបារស្វ័យប្រវត្តិ នៅតាមទីតាំងសំខាន់ៗ ដែលមិនទាន់មានរបារ និងផ្លាស់ប្តូរដោយបំពាក់របារវែងជាងមុន សម្រាប់ទីតាំងដែលមានរបារខ្លី។

• ចំពោះទីតាំងដែលមិនសូវមានចរាចរណ៍ឆ្លងកាត់ច្រើន នឹងមិនមានការបំពាក់របារទេ តែបានដាក់ផ្លាកសញ្ញាព្រមាន និងឆ្នាំផ្តល់សញ្ជា ស្របទៅតាមការអនុវត្តជាអន្តរជាតិនៅតាមបណ្តាប្រទេសដទៃ។

• ក្រសួងសាធារណការ និងដឹកជញ្ជូន តាមដានត្រួតពិនិត្យការអនុវត្តការងាររបស់ក្រុមហ៊ុនRRCឱ្យបានដិតដល់បំផុត។

វិធានការបន្ទាន់ទី២៖ ការបំពាក់ផ្លាកសញ្ញាចរាចរណ៍៖

• ក្រុមហ៊ុនRRCបានពិនិត្យឡើងវិញលើចម្ងាយដែលត្រូវបំពាក់ផ្លាកសញ្ញានៅតាមបណ្តោយផ្លូវដែក ដើម្បីឱ្យអ្នកបើកបររថភ្លើងអាចមានពេលវេលាស៊ីផ្លេផ្តល់សញ្ញាបានយូរជាងមុន មុននឹងធ្វើដំណើរមកដល់ទីតាំងចំណុចប្រសព្វ ហើយអ្នកប្រើប្រាស់ផ្លូវថ្នល់ឆាប់បានដឹង និងបង្កើនការប្រុងប្រយ័ត្ន ព្រមទាំងមានពេលវេលាគ្រប់គ្រាន់ក្នុងការឈប់ ដើម្បីឱ្យរថភ្លើងឆ្លងកាត់។

• ក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់វិធានការភ្លាមៗក្នុងការលើកផ្លាកសញ្ញាព្រមានលើផ្លូវថ្នល់បន្ថែមឱ្យបានច្រើនជាងមុនអំពីផ្លូវរថភ្លើងឆ្លងកាត់នៅតាមទីតាំងចំណុចប្រសព្វសំខាន់ៗ ដើម្បីផ្ដល់សញ្ញា និងជូនដំណឹងដល់អ្នកធ្វើដំណើរតាមដងផ្លូវថ្នល់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

• ចំពោះទីតាំងផ្លូវមួយចំនួនដែលស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្ត ជាកម្មវត្ថុនៃការពិភាក្សា និងសហការបន្ថែមទៀតរវាងក្រសួងសាធារណការ និងដឹកជញ្ជួន ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តផ្ទាល់។

វិធានការបន្ទាន់ទី៣៖ ការអប់រំផ្សព្វផ្សាយ៖

• ក្រុមហ៊ុនRRC បានសហការជិតស្និទ្ធជាមួយនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជួន ដើម្បីបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយ និងបង្កើនការអប់រំដល់ប្រជាជនទូទៅក្នុងការគោរពផ្លាកសញ្ញាព្រមាន និងបង្កើនការប្រុងប្រយ័ត្ននៅតាមផ្លូវដែលមានរថភ្លើងឆ្លងកាត់។

• ចំពោះការផ្សព្វផ្សាយនេះ ក្រុមហ៊ុនក៏បានស្នើសុំការសហការ និងចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋានផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអប់រំណែនាំ។

• បន្ថែមលើនេះ ក្រសួងសាធារណការ និងដឹកជញ្ចូន បានផ្ញើលិខិតណែនាំទៅគ្រប់ក្រុមហ៊ុនដឹកជញ្ជូន និងភ្នាក់ងារទេសចរណ៍ ដើម្បីអប់រំអ្នកបើកបររថយន្តឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពផ្លាកសញ្ញាចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia