ព័ត៌មាន
កម្ពុជា និង UN ជំរុញការអនុវត្តផែនទីបង្ហាញផ្លូវកាតាលីករសកល ស្តីពីការងារសមរម្យ និងការគាំពារសង្គម
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Xiaoyan Qian នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ដែលជាសហប្រធានក្រុមការងារបច្ចេកទេសចម្រុះ (JTWG) នៃគម្រោងកាតាលីករសកលកម្ពុជា បានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំ ដើម្បីជំរុញការអនុវត្តផែនទីបង្ហាញផ្លូវកម្ពុជា ស្តីពី «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» រៀបចំធ្វើឡើង នាព្រឹកថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។
កិច្ចប្រជុំ JTWG នេះ មានគោលបំណងពិភាក្សាអំពីផែនការរួមរវាងរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ សម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវកម្ពុជា ស្តីពីគម្រោងកាតាលីករសកល (Global Accelerator)។ ផែនទីបង្ហាញផ្លូវដែលត្រូវបានរាជរដ្ឋាភិបាលអនុម័តកាលពីខែធ្នូ ឆ្នាំ២០២៤ នឹងជួយដោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្លាំងពលកម្មខ្វះជំនាញ ព្រមទាំងការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម និងសុខុមាលភាពផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ផែនការការងាររួមរវាងរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ (UN) គឺដើម្បីធានាឱ្យមានភាពស្របគ្នាជាមួយអាទិភាពជាតិ និងឯកភាពលើជំហានអនុវត្តជាក់ស្តែង។ ជាមួយគ្នានេះ ក៏ជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអនុវត្តផែនទីបង្ហាញផ្លូវនេះ ក៏ដូចជាឆន្ទៈក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធ UN និងបណ្តាប្រទេសឈានមុខផ្សេងៗ ដើម្បីធានាថាគម្រោងកាតាលីករសកល អាចសម្រេចបានលទ្ធផលតាមគោលបំណងដែលបានកំណត់។ គម្រោងនេះ មានគោលដៅបង្កើនល្បឿនវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ចីរភាព (SDGs) តាមរយៈការគាំទ្រការបង្កើតការងារសមរម្យ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចថែទាំ ព្រមទាំងការពង្រីកប្រព័ន្ធគាំពារសង្គមទៅដល់ប្រជាជនដែលស្ថិតនៅក្រៅប្រព័ន្ធ។
ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ការងារ និងការគាំពារសង្គម គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់ការសម្រេចបានចក្ខុវិស័យកម្ពុជា ២០៥០ ដែលមានទំនាក់ទំនងគាំទ្រគ្នាទៅវិញទៅមក ក្នុងការកំណត់ទិសដៅជីវិតប្រជាពលរដ្ឋ និងមហិច្ឆតាអភិវឌ្ឍន៍របស់ប្រទេស។ ទន្ទឹមនឹងនេះ វាក៏ជាមូលដ្ឋានសម្រាប់ការបង្កើត និងលើកកម្ពស់ការងារសមរម្យ ក្នុងនាមជាចលករសម្រាប់យុត្តិធម៌សង្គមផងដែរ។
ការអនុម័តផែនទីបង្ហាញផ្លូវនេះ បង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់ការងារសមរម្យ ពង្រីកការគាំពារសង្គម និងធានាថាការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច និងបៃតង ប្រព្រឹត្តទៅដោយយុត្តិធម៌ មានភាពបរិយាបន្ន និងចីរភាព។
ក្នុងនាមតំណាងឱ្យអង្គការសហប្រជាជាតិ លោកស្រី Xiaoyan Qian បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមក្នុងគម្រោងស្តីពី «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» និងការអនុម័តផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តកាតាលីករសកលនេះ ដោយលើកឡើងថា កម្ពុជាជាប្រទេសដែលអនុវត្តការងារជាក់ស្តែង មិនមែនមានតែនៅលើក្រដាសនោះទេ។ លោកស្រីក៏បានលើកឡើងពីវឌ្ឍនភាពសំខាន់ៗនៃដំណើរគម្រោង ហើយក៏បានសំណូមពរឱ្យមានការពិចារណាបញ្ចូលពលករ និងជនមានពិការភាពទៅក្នុងប្រព័ន្ធទទួលអត្ថប្រយោជន៍បន្ថែមទៀត ប្រកបដោយតម្លាភាព។
សូមរំលឹកថា កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ គឺជាគំនិតផ្តួចផ្តើមមួយ ដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំ២០២១ ដើម្បីជួយដល់រដ្ឋសមាជិកដោះស្រាយវិបត្តិ ពន្លឿនការស្តារសេដ្ឋកិច្ច ទន្ទឹមនឹងការបណ្តាក់ទុនក្នុងការអភិវឌ្ឍសង្គមអន្តរកាលបៃតង និងរៀបចំសម្រាប់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត រួមមាន ការបញ្ចូលទៅក្នុងប្រព័ន្ធការងារយុវជន សមភាពយេនឌ័រ និងសេដ្ឋកិច្ចឌីជីថលជាដើម៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន10 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន