Connect with us

ព័ត៌មាន

ក្រសួងការងារ បន្តចុះផ្សព្វផ្សាយឱកាសការងារដល់ពលរដ្ឋ និង​ពលករ​ត្រឡប់​មក​ពី​ថៃ​ក្នុង​ខេត្ត​ចំនួន​ពីរ ខណៈមកទល់ពេលនេះមានពលករត្រឡប់ពីថៃជាង ៦០ម៉ឺននាក់ទទួលបានការងារធ្វើ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹង​បន្ត​បើក​យុទ្ធនាការ​ចុះផ្សព្វ​ផ្សាយ​ព័ត៌​មាន​អំពី​ឱកាស​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី២៤ ខែមករា រហូត​ដល់​ខែ​ឧសភា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីជួយ​សម្រួល​ដល់​ការ​រក​ការ​ងារ​ធ្វើ​ដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ ខណៈ​មក​ទល់​ពេ​ល​នេះ​មាន​ពលករត្រឡប់ពីថៃជាង៦០ម៉ឺននាក់ហើយដែលទទួលបានឱកាសការងារធ្វើ។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៣ ខែ​មករា​នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ក្រសួងនឹង​បន្ត​យុទ្ធនាការ​ជួយ​អតីត​ពលករ​តាមច្រកព្រំដែននៅឆ្នាំ២០២៦នេះបន្ថែមទៀត ដើម្បីឱ្យបងប្អូន​អតីត​ពលករ​មាន​ការ​ងារ​ជាក់​លាក់ និងច្បាស់លាស់នៅក្នុងស្រុក ដែលមានប្រាក់ចំណូលខ្ពស់ ប្រាក់ចំណូលសមរម្យ ស្រប​ទៅ​តាមជំនាញរបស់ពួកគាត់។

ឯកឧត្តម បានបន្តទៀតថា ក្នុងយុទ្ធនាការនេះដែរ ក៏នឹងផ្តល់ឱកាស​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស និងវិជ្ជាជីវៈជូនដល់អតីពលករតាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី២៤ និង២៥ ខែមករា ឆ្នាំ២០២៦ នៅ​ខេត្ត​បាត់ដំបង ក្នុងនោះនៅស្រុកបវេល និងស្រុកមោងឬស្សី និងនៅខេត្តបន្ទាយមានជ័យ ក្នុង​នោះ​នៅ​ក្រុង​សិរីសោភ័ណ និងស្រុកមង្គលបូរី។ ឯកឧត្តមបានបន្ថែមទៀតថា នេះជាដំណាក់កាលថ្មី នៃយុទ្ធនាការចុះផ្សព្វផ្សាយការងារ ដែលក្រសួងនឹងបន្តធ្វើទៅដល់ខែឧសភាខាងមុខចំនួន ៦៦លើក។

ឯកឧត្តមអ្នកនាំពាក្យ បានអំពាវនាវប្រជាពលរដ្ឋ និងអតីតពលករ ពលការិនី ចូលរួមឱ្យបានច្រើនកុះករ ជាពិសេសអ្នកចង់បានការងារ ហើយមិនចេះសូមកុំបារម្ភ ពីព្រោះទាំងនោះ ក្រៅពីមន្រ្តីរបស់ក្រសួងការងារ ក៏មានដែររោងចក្រ សហគ្រាស នឹងចុះទៅដោយផ្ទាល់ផងដែរ ដើម្បីធ្វើការផ្តល់ព័ត៌មានកាន់តែលម្អិតជូន។

យោងតាម ឯកឧត្តម ស៊ុន មេសា បច្ចុប្បន្ននេះតម្រូវកម្លាំងពលកម្មដែលមានតម្រូវការខ្ពស់ ភាគច្រើនមកពីវិស័យឧស្សាហកម្ម កសិកម្ម កសិ-ឧស្សាហកម្ម សំណង់ និងសេវាកម្ម-ល- ។ វិស័យទាំងនេះ គឺជាវិស័យ មានសក្តានុពលដែលស្រូបទាញកម្លាំងពលកម្មច្រើនជាងគេនៅកម្ពុជា។ ឯកឧត្តមបានផ្ញើរសារបន្ថែមថា ទោះបីជាការងារអ្វីក៏ដោយ ឱ្យតែការងារនៅក្នុងស្រុក គឺជួយសេដ្ឋកិច្ចជាតិ និងជាកម្លាំងពលកម្មរបស់យើងគឺមាននៅក្នុងស្រុក មិនមានហានិភ័យ និងបានរស់នៅជួបជុំក្រុមគ្រួសារ សាច់ញាតិ ដែលទាំងអស់នេះបងប្អូនគួរតែពិចារណា ហើយធ្វើការនៅក្នុងស្រុក ខណៈដែលប្រាក់បៀរវត្សនៃការធ្វើការក្នុងស្រុក ក៏ដូចជាធ្វើការក្នុងប្រទេសថៃ ក៏មិនខុសគ្នាប៉ុន្មានទេ ហើយថែមទាំងទទួលបានអត្ថប្រយោជន៍ច្រើនជាងនៅក្រៅស្រុកផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia