Connect with us

ព័ត៌មាន

គ្រួសារកងទ័ព៤០០គ្រួសារក្នុងក្រុងពោធិ៍សាត់ ទទួលបាន​ការឧបត្ថម្ភ​ស្បៀង និង​ថវិកា​ពី​សប្បុរស​ជន

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​សួរ​សុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ និង​ថ​វិកាមួយចំនួនរបស់លោកជំទាវ ភឹម សំភ័ស ទីប្រឹក្សាសម្តេចតេជោ ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ឡេង ប៊ុនដែន អគ្គលេខាធិការ​រង​នៃ​អគ្គ​លេខា​ធិការ​គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ចែកជូនដល់គ្រួសារកងទ័ពជួរមុខ ក្នុង​ក្រុង​ពោធិ៍សាត់ចំនួន៤០០គ្រួសារដោយមួយគ្រួសារអង្ករ២០គីឡូក្រាម ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ទឹក​ស៊ីអ៊ីវ១យួរ ឃីតមួយកញ្ចប់ និងថវិកា៥ម៉ឺនរៀល នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅ​វត្ត​បន្ទាយដី។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បាននាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរ និងស្រឡាញ់កងទ័ព កងនគរបាលយើង ដោយបាន​បញ្ជាក់​ពី​ស្មារតី​ស្នេហា​ជាតិ ការពារជាតិក្នុងការការពារខឿនការពារជាតិ។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះលោកជំទាវ ភឹម សំភ័ស និងឯកឧត្តម ឡេង ប៊ុនដែន ដែល​មាន​ទឹក​ចិត្តសប្បុរសធម៌​ផ្តល់​ជូន​គ្រួសារ​កងទ័ពជួរមុខចំនួន ៤០០គ្រួសារ​ក្នុង​ក្រុង​ពោធិ៍សាត់​នា​ពេល​នេះ​ក៏ដូចកន្លែងផ្សេងៗទៀតជាការចូលរួមរំលែកនូវទុក្ខលំបាកដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេសក្រុមគ្រួសារមានសមាជិកបានលះបង់ និងពលីជីវិតនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេងនិងគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជាទាំងមូលដែលយើងគ្រប់គ្នាត្រូវតែគោរពស្រ ឡាញ់ដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។ ឯកឧត្តមបានបន្តទៀតថារាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ព្រោះថា ការយកចិត្តទុកដាក់លើគ្រួសារកងទ័ពកំពុងបំពេញបេសកកម្មនៅជួរមុខគឺជាកម្លាំងចិត្តដល់កងទ័ព ថាក្រុមគ្រួសាររបស់ខ្លួននៅជួរក្រោយ ទទួលបានការមើលថែដិតដល់ទាំងស្បៀង សម្ភារ និងថវិកាមិនទ្វេសប្រហែសនោះឡើយ។ ក្នុងខណៈដែលស្វាមី កូន ឬបងប្អូន របស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិអាជ្ញាធរ ខេត្ត ស្រុក ក្រុងរួមជាមួយសប្បុរសជននិងប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានគ្រប់ពេលវេលា គឺជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់កងទ័ព ដែលកំពុងបំពេញបេសកកម្មនៅជួរមុខឱ្យមានកម្លាំងចិត្ត និងជឿជាក់មកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម អភិបាលខេត្តសូមឱ្យក្រុមគ្រួសារកងទ័ពជួរមុខទាំងអស់សូមថែរក្សាសុខភាព និងចូលរួមសាមគ្គីគ្នាក្នុងស្មារតីជាតិតែមួយ ។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម សូមសំដែងនូវការតបស្នងសងគុណចំពោះគុណបំណាច់របស់វីរកងទ័ពនិងកងកម្លាំងគ្រប់ប្រភេទដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជាពលរដ្ឋ សូមចងចាំជាប់ជានិច្ចមិនអាចបំភ្លេចបាននោះឡើយហើយសូមឱ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងនោះបានទៅសោយសុខក្នុងគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia