ព័ត៌មាន
សិស្សប្រមាណ ៣០ម៉ឺននាក់នៅតាមសាលារៀនគោលដៅចំនួន ១១១៤ ក្នុងតំបន់ងាយរងគ្រោះ និងអសន្តិសុខស្បៀង បានទទួលការផ្ដល់អាហារពេលព្រឹកតាមរយៈប្រព័ន្ធគាំពារសង្គម
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះថា គិតត្រឹមដើមឆ្នាំ ២០២៦នេះ កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បាន និងកំពុងអនុវត្តតាមសាលារៀនគោលដៅចំនួន ១ ១១៤ ក្នុងតំបន់មានភាពងាយរងគ្រោះ និងអសន្តិសុខស្បៀង ដោយក្នុងនោះ ក្រសួងអប់រំ យុវជន និងកីឡា អនុវត្តកម្មវិធីនេះនៅសាលារៀនគោលដៅចំនួន ៨១៦ ដោយប្រើប្រាស់ថវិកាជាតិ និងសាលារៀនគោលដៅចំនួន ២៩៨ ផ្សេងទៀត កំពុងអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP)។ កម្មវិធីនេះ កំពុងត្រូវបានអនុវត្តតាមបណ្ដាខេត្តចំនួន ១០ រួមមាន ខេត្តសៀមរាប, កំពង់ធំ, ព្រះវិហារ, បាត់ដំបង, ស្ទឹងត្រែង, បន្ទាយមានជ័យ, កំពង់ចាម, កំពង់ឆ្នាំង, ពោធិ៍សាត់, និងឧត្តរមានជ័យ ដោយមានសិស្សានុសិស្សទទួលផលសរុបចំនួនប្រមាណ ៣០ម៉ឺននាក់។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បន្តថា កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ត្រូវបានចាប់អនុវត្តចាប់តាំងពីឆ្នាំ១៩៩៩មក ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្ដល់អាហារចម្អិនក្ដៅៗ មានជីវជាតិដល់សិស្សនៅតាមសាលាបឋមសិក្សាសាធារណៈ (សាលារដ្ឋ) ក្នុងតំបន់ដែលមានអសន្តិសុខស្បៀង មានភាពក្រីក្រច្រើន និងភាពងាយរងគ្រោះខ្ពស់។ កម្មវិធីនេះ បានចូលរួមលើកកម្ពស់កម្រិតអាហារូបត្ថម្ភ, បង្កើនអត្រាចុះឈ្មោះចូលរៀន, ជំរុញសិស្សានុសិស្សឱ្យមករៀនបានទៀងទាត់, កាត់បន្ថយការបោះបង់ការសិក្សា ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ច និងសមធម៌នៅក្នុងសហគមន៍ ផងដែរ។
ស្របតាមយុទ្ធសាស្ត្ររួមនៃការផ្ទេរ-ទទួល ឆ្ពោះទៅកាន់កម្មវិធីជាតិផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍, ការទទួលយកសាលាដែលអនុវត្តកម្មវិធីនេះពីដៃគូអភិវឌ្ឍន៍មានកំណើនជារៀងរាល់ឆ្នាំ ដើម្បីប្រែក្លាយកម្មវិធីនេះជាកម្មវិធីជាតិដែលអនុវត្តទាំងស្រុងដោយក្រសួងអប់រំយុវជន និងកីឡា នៅត្រឹមឆ្នាំ២០២៨៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន