ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល «សាមគ្គី បង្កើតបានកម្លាំងមួយដ៏រឹងមាំ ដើម្បីធ្វើឱ្យវិជ្ជាជីវៈនីមួយៗមានវឌ្ឍនភាពជានិរន្តរ៍»
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសរំលេចថា «ការសាមគ្គីរួបរួមគ្នាជាក្រុមក្នុងរូបភាពជាតួអង្គវេជ្ជសាស្រ្តតែមួយ គឺបង្កើតបានកម្លាំងមួយដ៏ធំ រឹងមាំ ដើម្បីធ្វើឱ្យវិជ្ជាជីវៈនីមួយៗ មានវឌ្ឍនភាពជានិរន្តរ៍»។
ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រ សល្យសាស្រ្តប្រចាំឆ្នាំ លើកទី២៨ និងសិក្ខាសាលាវិទ្យាសាស្ត្រថែទាំ លើកទី១៥ ក្រោមប្រធានបទ៖ «ការអនុវត្តពហុជំនាញនៃវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ» នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាព្រឹកថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២៦នេះ។
ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងពីចំនុចដែលគួរចងចាំ ដូចជាគោលការណ៍សុវត្ថិភាពអ្នកជំងឺ «គ្មានគុណភាពឯណា បានមកពីសេវាដែលគ្មានសុវត្ថិភាពនោះទេ»។ សុវត្ថិភាពអ្នកជំងឺមិនមែនជាការងារបន្ថែមរបស់យើងនោះទេ វាគឺជាមូលដ្ឋានគ្រឹះនៃការថែទាំសំដៅគុណភាព។ សុវត្ថិភាពអ្នកជំងឺ គឺជាការងារជាប្រព័ន្ធមួយ ដែលចាប់ផ្តើមពីថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យគ្រប់កម្រិត ក្នុងការបណ្តុះភាពជាអ្នកដឹកនាំ កសាងវប្បធម៌សុវត្ថិភាព ជំរុញឱ្យបុគ្គលិកចូលរួមមតិយោបល់ ការកាត់បន្ថយកំហុសវេជ្ជសាស្ត្រតាមរយៈ ការអនុវត្តគោលការណ៍ណែនាំ ពិធីសារថែទាំព្យាបាល និងការទទួលខុសត្រូវលើតួនាទីរបស់អ្នកវិជ្ជាជីវៈ ក្នុងការរក្សាសុវត្ថិភាពអ្នកជំងឺ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា តាមរយៈការជួបនេះ អ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៍ល្អៗ ដើម្បីយកទៅអនុវត្ត ក្នុងការពិនិត្យ ព្យាបាលអ្នកជំងឺប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌ ស្របតាមផែនការយុទ្ធសាស្រ្តគន្លឹះ ៩ចំណុច និងអាទិភាព ៣ចំណុច និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ និងពោរពេញដោយសមត្ថភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បើតាមឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត លើកឡើងថា ចំណុចពិសេសនៃការរៀបចំសន្និសីទ នាឆ្នាំ២០២៦នេះ មន្ទីរពេទ្យបានប្រមូលផ្តុំប្រធានបទដ៏ល្អៗពីវាគ្មិនថ្នាក់ជាតិ អន្តរជាតិ ដោយគ្របដណ្តប់លើគ្រប់ជំនាញទាំងអស់ ដែលមានប្រធានបទទាំងអស់សរុបចំនួនជាង ៥៧ប្រធានបទ ក្នុងនោះផ្នែកវេជ្ជសាស្ត្រ-សល្យសាស្ត្រមានចំនួន ៣៦ប្រធានបទ និងវិទ្យាសាស្ត្រថែទាំ មានចំនួន ២១ប្រធានបទ ដែលផ្តោតសំខាន់ទៅលើការលើកកម្ពស់ការព្យាបាល និងថែទាំ ចែក រំលែកនូវរបបគំហើញថ្មីៗ និងលើកស្ទួយកិច្ចសហប្រតិបត្តិការជាពហុជំនាញ លើប្រធានបទសំខាន់ៗ។
អង្គពិធីនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី ប្រធានមន្ទីរពេទ្យជាតិ សាកលវិទ្យាល័យនានា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលចូលរួមផ្ទាល់ ចំនួន ២៤២នាក់ និងសមាសភាពតាមប្រព័ន្ធអនឡាញ Zoom ជាមន្រ្តី បុគ្គលិកសុខាភិបាល មន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងកំពង់ធំ សរុប ៦០៤នាក់៕ អត្ថបទ រដ្ឋា








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន