ព័ត៌មាន
ទូតកម្ពុជាប្រចាំប្រទេសបារាំង បង្ហាញអំពីការបន្តរំលោភបំពានរបស់យោធាថៃលើដែនអធិបតេយ្យភាពកម្ពុជា ដល់គណៈកម្មការនយោបាយនៃអង្គការ OIF នៅប្រទេសបារាំង
ភ្នំពេញ៖ បើទោះជាមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែគួរឱ្យសោកស្តាយ ស្ថានកាណ៍នៅព្រំដែននៅតែគួរឱ្យព្រួយបារម្ភដដែល។ កងកម្លាំងយោធាថៃនៅតែបន្តបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ រាយបន្លាលួស ដាក់ទូកុងតឺន័រ និងជីកលេណដ្ឋាន នៅក្នុងតំបន់ដែលខ្លួនកាន់កាប់លើទឹកដីអធិបតេយ្យរបស់កម្ពុជា ខណៈសកម្មភាពទាំងនេះបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង និងរារាំងដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់ជនស៊ីវិលទៅផ្ទះសម្បែងរបស់ពួកគេវិញ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង នៅក្នុងបទអន្តរាគមន៍របស់ ក្នុងកិច្ចប្រជុំគណៈកម្មការនយោបាយនៃអង្គការ OIF លើកទី២៥៧ នៅប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។
ឯកឧត្តម ឯកអគ្គរាជទូត លុយ ដាវីត បានរម្លឹកជូនអង្គប្រជុំថា៖ “ថៃបានបើកការវាយប្រហារ ក្នុងគោលបំណងឈ្លានពានកម្ពុជា ដោយបានប្រើប្រាស់អាវុធធុនធ្ងន់ កាំភ្លើងធំ ដ្រូន និងយន្តហោះចម្បាំង បានបណ្តាលឱ្យមានការបាត់បង់ជីវិតជនស៊ីវិល បំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បណ្តាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវភៀសខ្លួន និងធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗ រួមមានប្រាសាទព្រះវិហារដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមទាំងប្រាសាទតាក្របី និងតាមាន់ធំ។ ប្រាសាទទាំងនេះស្ថិតនៅលើទឹកដីអធិបតេយ្យរបស់កម្ពុជា ដូចដែលបានកំណត់យ៉ាងច្បាស់ក្នុងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ និងផែនទីភ្ជាប់ជាមួយ ដែលជាមូលដ្ឋានច្បាប់ដូចគ្នាដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានយកមកប្រើជាសំអាង ក្នុងសាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ។
ឯកឧត្តមឯកអគ្គរាជទូត បញ្ជាក់បន្ថែមនៅក្នុងកិច្ចប្រជុំផងដែរ៖ “ប្រឈមនឹងស្ថានភាពដ៏គួរឱ្យព្រួយបារម្ភនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់មួយ ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មការព្រំដែនទូទៅរវាងប្រទេសទាំងពីរ ក្រោមការឃ្លាំមើលរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន។ កិច្ចព្រមព្រៀងនេះមានគោលបំណងបញ្ឈប់ការប្រយុទ្ធគ្នា បញ្ឈប់ការចល័តទ័ព និងអនុញ្ញាតឱ្យជនភៀសសឹកអាចវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព និងថ្លៃថ្នូរ។ គួរឱ្យសោកស្តាយ ស្ថានកាណ៍នៅព្រំដែននៅតែគួរឱ្យព្រួយបារម្ភ ខណៈកងកម្លាំងយោធាថៃនៅតែបន្តបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ រាយបន្លាលួស ដាក់ទូកុងតឺន័រ និងជីកលេណដ្ឋាន នៅក្នុងតំបន់ដែលខ្លួនកាន់កាប់ក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ សកម្មភាពទាំងនេះបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង និងរារាំងដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់ជនស៊ីវិលទៅផ្ទះសម្បែងរបស់ពួកគេវិញ។ ជារួមស្ថានភាពអមនុស្សធម៌បែបនេះរបស់កងកម្លាំងថៃមិនអាចទទួលយកបានឡើយ។
ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ជូនកិច្ចប្រជុំគណៈកម្មការនយោបាយនៃអង្គការ OIF ថា៖ “កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងដែលបានសម្រេចរវាងប្រទេសទាំងពីរ។ យើងសូមសាទរតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងនៅតែបន្តប្តេជ្ញាចិត្តចំពោះការសន្ទនា ការគោរពគ្នាទៅវិញទៅមក និងការគោរពច្បាប់អន្តរជាតិ។ យើងក៏សូមអំពាវនាវឱ្យភាគីថៃគោរពឱ្យបានពេញលេញនូវកាតព្វកិច្ចរបស់ខ្លួន ដកបន្លាលួស និងទូរកុងតឺន័រខុសច្បាប់ចេញទាំងអស់ និងអនុញ្ញាតឱ្យជនភៀសសឹកកម្ពុជាអាចវិលត្រឡប់ដោយសុវត្ថិភាព ទៅកាន់ភូមិឋានរបស់ពួកគេវិញ ស្របតាមកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ យើងក៏សូមអំពាវនាវផងដែរដល់គ្រួសារហ្វ្រង់កូហ្វូនី និងសហគមន៍អន្តរជាតិ ឱ្យតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នេះ និងគាំទ្រដល់ការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ”។
មុននឹងបញ្ចប់បទអន្តរាគមន៍ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ផងដែរថា ព្រំដែនមិនអាចត្រូវបានកំណត់ដោយកម្លាំងឡើយ! រាល់ការប៉ុនប៉ងផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនដោយឯកតោភាគី គឺផ្ទុយនឹងច្បាប់អន្តរជាតិ។ សន្តិភាព និងស្ថិរភាព អាចធានាបាន លុះត្រាតែមានការគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរវាងរដ្ឋ និងរដ្ឋ។ ភាពស្ងៀមស្ងាត់ និងការមិនអើពើចំពោះស្ថានការណ៍បែបនេះ អាចជំរុញឱ្យមានការបំពានច្បាប់ និងបន្តបង្កើនទុក្ខវេទនាដល់ពលរដ្ឋស៊ីវិល។ កម្ពុជានឹងបន្តអនុវត្តប្រកបដោយការទទួលខុសត្រូវ និងអត់ធ្មត់ ប៉ុន្តែព្រំដែន អធិបតេយ្យភាព និងកិត្តិយសរបស់ប្រជាជនកម្ពុជា មិនអាចឱ្យមានការរំលោភដោយកម្លាំងបានឡើយ៕

-
PR NEWS6 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន7 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន6 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
កីឡា1 week agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន1 week agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
ព័ត៌មាន6 days agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន