ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងការងារចែករំលែកបទពិសោធអំពីការត្រួតពិនិត្យអនុលោមភាពច្បាប់ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងបរិស្ថាន លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ក្នុងវេទិកាប្រចាំឆ្នាំរបស់ អង្គការ OECD
(ប៉ារីស)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការត្រួតពិនិត្យអនុលោមភាពច្បាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងបរិស្ថាន ជាចលករសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចប្រកបដោយចីរភាព ការអនុវត្តលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ និងកិច្ចសន្ទនាសង្គម» នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងវេទិការបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) ស្តីពីការត្រួតពិនិត្យអនុលោមភាពក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រីបានចែករំលែកនូវបទពិសោធរបស់កម្ពុជា ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃវិស័យកាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ (GFT) ដែលជាវិស័យស្នូលជំរុញកំណើនសេដ្ឋកិច្ច បង្កើនឱកាសការងារ និងចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈការដាក់ចេញនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងបរិស្ថានប្រកបដោយប្រសិទ្ធភាពក្នុងខ្សែចង្វាក់ផលិតកម្ម។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការងារនេះសម្រេចទៅបានដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូសង្គម និងដៃគូអភិវឌ្ឍន៍ ដូចជាអង្គការ ILO និងទីភ្នាក់ងារ GIZ ជាដើម។ ក្នុងន័យនេះ កម្ពុជាគឺជាប្រទេសដំបូងគេដែលបានអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរ (ILO-BFC) ដែលបច្ចុប្បន្នត្រូវបានយកធ្វើជាគំរូនៅតាមបណ្ដាប្រទេសផ្សេងៗទៀត។ បន្ថែមលើនេះ កម្ពុជាបានធ្វើទំនើបកម្មប្រព័ន្ធអធិការកិច្ចការងារ, ពង្រឹងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ, រក្សានិរន្តរភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាល, លើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងការគ្រប់គ្រងបរិយាកាសការងារឱ្យកាន់តែប្រសើរឡើង។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការអនុវត្តការត្រួតពិនិត្យអនុលោមភាពច្បាប់នេះ មិនមែនជា “បន្ទុក” នោះទេ ប៉ុន្តែគឺជា “កាលានុវត្តភាពថ្មី” ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើសមាហរណកម្មខ្លួនកាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល៕









-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ