ព័ត៌មាន
ប្រធានតុលាការកំពូល ព្រមានដាក់វិន័យលើអង្គចៅក្រម និងមន្ត្រី ខណៈអ្នកប្រព្រឹត្តិខុសត្រូវបានដកចេញបន្តបន្ទាប់
ភ្នំពេញ៖ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល បានថ្លែងថា ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការទាំងអស់ ត្រូវបន្តពង្រឹងមនសិការវិជ្ជាជីវៈដោយប្រកាន់ខ្ជាប់ នូវអាកប្បកិរិយាទន់ភ្លន់ សុភាពរាបសារថ្លៃថ្នូរ ស្អាតស្អំ ផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ ដែលមកទទួលសេវាយុត្តិធម៌ពីតុលាការ និងអង្គការអយ្យការ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ហើយបានព្រមានអ្នកប្រព្រឹត្ត កំហុស នឹងត្រូវទទួលវិន័យមិនលើកលែង ដូចដែលបានអនុវត្តជាច្រើនករណី រួចមកហើយ ដោយអនុលោម តាមនីតិវិធីស៊ើបអង្កេតប្រកបដោយតម្លាភាព ។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារ ឆ្នាំ២០២៦ របស់តុលាការកំពូល និង មហាអយ្យការអមតុលាការកំពូល ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ជីវ កេង មានប្រសាសន៍ថា អង្គចៅក្រម, មន្ត្រីតុលាការ និងមន្ត្រីពាក់ព័ន្ធ ទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវអំពើល្អគ្រប់កាលៈទេសៈ និងបន្តរក្សាទំនាក់ទំនងឱ្យល្អជាមួយតួអង្គពាក់ព័ន្ធ ក្នុងសង្គមក្នុងន័យលើកស្ទួយប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ។
ឯកឧត្តមបានបន្តថា ត្រូវបន្តចូលរួមយ៉ាងសកម្មជាមួយក្រសួងយុត្តិធម៌ ដើម្បីគាំទ្រការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី ព្រមទាំងបន្តយកចិត្តទុកដាក់ លើចំណាត់ការជាអាទិភាព លើសំណុំរឿងគ្រឿងញៀន, សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍, សំណុំរឿងអត្រានុកូលដ្ឋាន, សំណុំរឿងពាក់ព័ន្ធក្មេងទំនើង, សំណុំរឿងពាក់ព័ន្ធនឹងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) និងសម្អាតប្រាក់ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលក្នុងការធានាសណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម និងការអនុវត្តគោលនយោបាយ ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ។
ប្រធានតុលាការកំពូល បានបន្ថែមថា បន្តយកចិត្តទុកដាក់ ផ្តល់នូវសេវាយុត្តិធម៌ឱ្យបានត្រឹមត្រូវដោយឆាប់រហ័ស និងពង្រឹងគុណភាព នៃសេចក្តីសម្រេចតាមរយៈការវាយតម្លៃលើភស្តុតាង អង្គហេតុ អង្គច្បាប់ឱ្យបានហ្មត់ចត់ និងត្រឹមត្រូវ ហើយបន្តយកចិត្តទុកដាក់ផ្សះផ្សាគូភាគីក្នុងរឿងរដ្ឋប្បវេណី ឱ្យស្របតាមច្បាប់ជាធរមាន និងបន្តគាំទ្រដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហើយក៏គប្បីធ្វើការសម្រុះសម្រួលគូភាគី ទន្ទឹមគ្ននឹងការអនុវត្តដោយបង្ខំ ឈរលើគោលនយោបាយឈ្នះឈ្នះ កុំឱ្យជះឥទ្ធិពលអវិជ្ជមានលើជំនឿ ទុកចិត្តមកលើស្ថាប័នតុលាការ ។
ឆ្នាំ២០២៥ តុលាការកំពូល និងមហាអយ្យការ បានទទួលសំណុំរឿង ព្រហ្មទណ្ឌចំនួន ១ ៧៩៧រឿង ចាត់ការរួចចំនួន ១ ៣៥១រឿង និងសំណុំរឿងរដ្ឋប្បវេណីចំនួន ១ ០៤៥រឿង ចាត់ការរួចចំនួន ៧០២រឿង ដូច្នេះជាសរុបមានចំនួន ២ ៨៤២រឿង ចាត់ការរួចចំនួន ២ ០៥៣រឿង ត្រូវនឹង ៧២,២៤ភាគរយ នៃសំណុំរឿងសរុប។ ក្នុងឆ្នាំដដែល ទទួលបានលទ្ធផលរីកចម្រើនជាវិជ្ជមានក្នុងការបម្រើសេវាយុត្តិធម៌ដោះស្រាយរឿងក្តីគ្រប់ប្រភេទ ធៀបនឹងឆ្នាំ២០២៤ សម្រេចបានត្រឹមតែ ៦៦,០៩ភាគរយ នៃសំណុំរឿងសរុបប៉ុណ្ណោះ, ព្រមទាំងបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់របស់តុលាការកំពូល និងមហាអយ្យការលើការងារ ធ្វើបរិវត្តកម្មឌីជីថល ជាងនេះទៅទៀត អង្គសន្និបាតបានធ្វើការពិភាក្សាយ៉ាងសកម្មដោយផុលផុស និងបានរកឃើញដំណោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានាដើម្បីអនុវត្តក្នុង ឆ្នាំ២០២៦ ៕





-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត