Connect with us

ព័ត៌មាន

អនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែល​រង​ការ​វាយ​ប្រហារ​ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ

ភ្នំពេញ៖ នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល ក្រសួង​ការ​ពារ​ជាតិ ​នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស និង​ដា​ក់​ពង្រាយទូ​កុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងស្ថានការណ៍​នៃការ​អនុវត្ត​បទ​ឈប់​បាញ់​រវាង​កម្ពុជា និងថៃ ដែលបានចូលជាធរមានចាប់តាំងពីវេលាម៉ោង ១២:០០នាទី ថ្ងៃ​ទី​២៧​ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

ក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់ផងថា ចាប់តាំងពីពេល​ចូល​ជា​ធរមាន​នៃ​បទ​ឈប់​បាញ់​រួច​មក​ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា តែងតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់​លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍​រួម​ស្តីពី​កិច្ចព្រ​ម​ព្រៀងស​ន្តិភាព​រវាង​កម្ពុជា និង​ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បី​ឆ្ពោះ​ទៅ​ការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia