Connect with us

ព័ត៌មាន

សង្ក្រាន្តសែនមនោរម្យនៅមណ្ឌលគីរី រយៈពេលបីថ្ងៃបញ្ចប់ដោយភាពសប្បាយរីករាយ ខណៈទេសចរទៅលេងកម្សាន្តជាង ២៣ម៉ឺននាក់

មណ្ឌលគិរី៖ ព្រឹត្តិការណ៍សង្ក្រាន្តសែនមនោរម្យរយៈពេល ៣ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ក្នុងខេត្តមណ្ឌលគិរី បានបិទបញ្ចប់ទៅជាមួយទិដ្ឋភាពនៃការជួបជុំគ្នាយ៉ាងកុះករ និងភាពសប្បាយរីករាយពេញក្រុងសែនមនោរម្យ ទោះបីជាស្ថិតិភ្ញៀវទេសចរសរុបមានការថយចុះបន្តិចបន្តួច បើធៀបនឹងឆ្នាំកន្លងទៅក៏ដោយ។

យោងតាមរបាយការណ៍របស់លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ភ្ញៀវទេសចរដែលបានមកទស្សនាកម្សាន្ត និងស្នាក់នៅក្នុងខេត្តមណ្ឌលគិរី មានចំនួនសរុប ២៣,២៥៣ នាក់។ តួលេខនេះបង្ហាញពីការថយចុះ ៦.៦៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ក្នុងចំណោមស្ថិតិសរុបនេះ ទេសចរជាតិ៖ ២២,៤១៤ នាក់ (ថយចុះ ៧.០៦%) ទេសចរបរទេស ៨៣៩ នាក់ (កើនឡើង ៥.៦៦%) ។ ទោះបីជាចំនួនទេសចរជាតិមានការថយចុះបន្តិច ប៉ុន្តែអ្វីដែលជាសញ្ញាណវិជ្ជមាន គឺកំណើននៃភ្ញៀវទេសចរបរទេស ដែលបានកើនឡើងជាង ៥% ឆ្លុះបញ្ចាំងពីការទាក់ទាញនៃតំបន់ភូមិភាគឦសាន ចំពោះភ្ញៀវអន្តរជាតិ ។

តាមការសង្កេតជាក់ស្ដែង ទិដ្ឋភាពនៅក្នុងក្រុងសែនមនោរម្យមានភាពអ៊ូអរយ៉ាងខ្លាំង ដោយសារប្រជាពលរដ្ឋ និងអ្នកទេសចរភាគច្រើនបានមកជួបជុំគ្នាលេងកម្សាន្តនៅទីតាំងសង្ក្រាន្តកណ្ដាលក្រុង។ សកម្មភាពបាញ់ទឹកកម្សាន្ត និងការលេងលាបម្សៅតាមដងផ្លូវនានា បានបង្កើតជាបរិយាកាសដ៏ល្អ និងស្នាមញញឹមគ្រប់ៗគ្នា។ ថ្វីត្បិតខេត្តមណ្ឌលគិរីសម្បូរទៅដោយរមណីយដ្ឋានធម្មជាតិ និងទឹកជ្រោះដ៏ស្រស់ស្អាត ប៉ុន្តែការជួបជុំនៅកណ្ដាលក្រុងសែនមនោរម្យឆ្នាំនេះ បានក្លាយជាចំណុចកណ្ដាលនៃក្ដីសប្បាយរីករាយបំផុតសម្រាប់អ្នកទេសចរគ្រប់វ័យ។

ព្រឹត្តិការណ៍ សង្ក្រាន្តសែនមនោរម្យ ឆ្នាំ២០២៦នេះ មិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយជូនពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីសមត្ថភាពរបស់អាជ្ញាធរខេត្ត ក្នុងការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ និងការសម្រួលចរាចរណ៍ជូនភ្ញៀវទេសចរឱ្យទទួលបាននូវភាពកក់ក្ដៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះផងដែរ៕អ៊ិត ភីរុណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia