Connect with us

ព័ត៌មាន

សម្តេចធិបតី៖ មធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃ បានជួយសម្រួលបន្ទុកចំណាយសរុបប្រមាណ ១២ពាន់លានរៀល ដែលចំនួននេះ បានចែករំលែកចូលទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា  បានថ្លែងថា មធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃនេះ បានជួយសម្រួលបន្ទុកចំណាយសរុបរបស់ប្រជាពលរដ្ឋប្រមាណ ១២ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣លានដុល្លារ ដែលចំនួនទឹកប្រាក់នេះ បានចែករំលែកចូលទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការចំណាយនានានៅស្រុកកំណើត ជំនួសឱ្យការធ្វើដំណើរតែមួយមុខ។

នៅព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់​ និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី​ ដាក់ជូនរដ្ឋបាលរាជធានីភ្នំពេញ​ ដើម្បីរៀបចំសេវារថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ក្នុង​រយៈពេល​៦ថ្ងៃ​ ពីថ្ងៃទី​១២-១៧​ ខែមេសា​ ដែលជាការកាត់បន្ថយបន្ទុកចំណាយសម្រាប់បងប្អូន​ អាចយកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ​ រួមទាំងការធ្វើបុណ្យទានផងដែរ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ថ្លែងថា ជាលទ្ធផលមាន​ប្រជាពលរដ្ឋ​ចំនួន​១១៩.៤៩០នាក់​ បាន​ជឿទុកចិត្ត និងមកទទួល​សេវា​ដឹក​ជញ្ជូន​ដោយ​ឥតគិតថ្លៃ​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​​ បានកើនឡើង​ចំនួន​ ៣៣.៦៤១នាក់​ ស្មើនឹង ៣៩%។ ជាមធ្យម ក្នុងពលរដ្ឋម្នាក់ ត្រូវចំណាយថវិកាប្រមាណ ១០ម៉ឺន ឬ២៥$ សម្រាប់ការធ្វើដំណើរទៅមក ហើយមធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃនេះ បានជួយសម្រួលបន្ទុកចំណាយសរុបរបស់ប្រជាពលរដ្ឋប្រមាណ ១២ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣លានដុល្លារ ដែលចំនួនទឹកប្រាក់នេះ បានចែករំលែកចូលទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការចំណាយនានានៅស្រុកកំណើត ជំនួសឱ្យការធ្វើដំណើរតែមួយមុខ។

សម្តេចធិបតី បញ្ជាក់ថា សេវាដឹកជញ្ជូនឥតគិតថ្លៃ មិនត្រឹមបានជួយសម្រាលបន្ទុកចំណាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតាលីករជំរុញចរន្តសេដ្ឋកិច្ចមូលដ្ឋានផងដែរ សម្តៅលើកកម្ពស់កំណើនចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋានទាំងមូល។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia