ព័ត៌មាន
ទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
ប្រជាកសិករម្ចាស់ចម្ការទុរេន នៅតំបន់ទឹកជ្រោះឱម៉ាល់ ស្រុកទឹកឈូ ខេត្តកំពត បានចាប់ផ្តើមប្រមូលផលទុរេនបណ្តើរៗហើយ ខណៈដែលផ្លែទុរេនដើមដៃ លក់បានតម្លៃខ្ពស់។ ទោះជាឆ្នាំនេះ អាកាសធាតុក្តៅ និងរាំងខ្លាំង ពិបាករកទឹកស្រោចស្រព ប៉ុន្តែទុរេនស្ទើរគ្រប់ដើម មានផ្លែច្រើនជាងឆ្នាំមុន។ មន្ត្រីកសិកម្មឃុំថា ទុរេនទឹកជ្រោះឱម៉ាល់ឆ្ងាញ់ជាងគេ ទិន្នផលខ្ពស់ជាងគេ និងប្រមូលផលបានមុនគេ។
លោក ឃៀក សូយ ប្រជាកសិករដាំដំណាំទុរេននៅតំបន់ទឹកជ្រោះឱម៉ាល់ បានប្រាប់ឲ្យដឹងថា លោកបានធ្វើចម្ការនៅទីនេះជាង២០ឆ្នាំហើយ ចម្ការបស់លោកទំហំ ៤ហិកតា ប៉ុន្តែដាំទុរេនបានប្រមាណជាជិត៣០០ដើមប៉ុណ្ណោះ ដោយសារកក្តាកង្វះប្រភពទឹក។ លោកបានបញ្ជាក់ថា ឆ្នាំនេះអាកាសធាតុក្តៅ ហើយរាំងខ្លាំង ប៉ុន្តែទុរេនរបស់លោកកាន់ផ្លែបានច្រើនមិនជ្រុះទេ ហើយលោកបានចាប់ផ្តើមប្រមូលផលជាបណ្តើរៗហើយ។
ចំណែក អ្នកស្រី ជុំ ណាគ្រី ដែលត្រូវជាភរិយាបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ពេលដែលទុរេនប្រមូលផលពេញបន្ទុក អ្នកស្រីតែងតែលក់បោះដុំផង និងយកទៅលក់រាយនៅផ្ទះបងប្អូននៅភ្នំពេញផង គឺនៅក្បែរគល់ស្ពានអាកាសស្ទឹងមានជ័យ។
អ្នកស្រីបានបញ្ជាក់ថា អតិថិជន មិនអាចសម្គាល់ទុរេនកំពត ឬទុរេនទឹកជ្រោះឱម៉ាល់បានទេ ប៉ុន្តែអ្នកលក់ដឹងច្បាស់។ ដូច្នេះបើបងប្អូនចង់បានទុរេនកំពតពិតប្រាកដ សូមអញ្ជើញមកលេងកំពត ហើយទៅទិញដល់ចម្ការ ពិសេសខែឧសភា និងមិថុនា ទុរេនកំពតកំពុងពេញប្រមូលផល។
មន្ត្រីកសិកម្មឃុំម៉ាក់ប្រាង្គ លោក សិទ្ធិ សុគន្ធ បានប្រាប់ឲ្យដឹងថា នៅតំបន់ទឹកជ្រោះឱម៉ាល់ មានកសិករដាំដំណាំហូបផ្លែសរុប១២៥គ្រួសារ ក្នុងនោះចម្ការទុរេនមានជាង១៣០ហិកតា ហើយទុរេននៅតំបន់ទឹកជ្រោះឱម៉ាល់ មានផ្លែច្រើនជាងគេ រសជាតិឈ្ងុយឆ្ងាញ់ជាងគេ និងប្រមូលផលបានមុនគេ បើធៀបនឹងតំបន់ផ្សេងៗនៅក្នុងឃុំម៉ាក់ប្រាង្គ ហើយទុរេនផ្លែខុសរដូវ ក៏មានច្រើនជាងគេដែរ នៅតំបន់នោះ ។
បើតាមមន្ត្រីកសិកម្ម ថាឃុំម៉ាក់ប្រាង្គមានផ្ទៃដីកសិកម្មសរុប ជាង២ពាន់ហិកតា ហើយភាគច្រើនជាចម្ការទុរេន ចេក សាវម៉ាវ ម្ឃុត ត្របែក ទៀបបារាំង ក្រូចជាដើម ដូច្នេះហើយទើបទេសចរមកលេងនៅតំបន់បណ្តុំរមណីយដ្ឋានទឹកឈូ សប្បូរផ្លែឈើហូប ស្ទើរគ្រប់រដូវ៕
អត្ថបទ អាន សារីម






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣