ព័ត៌មាន
ថ្នាក់ដឹកនាំខេត្តកំពតលើកទឹកចិត្តឲ្យនាំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព
កំពត ៖ ថ្នាក់ដឹកនាំខេត្តកំពតបានលើកឡើងថា សកម្មភាពអប់រំកាយ និងកីឡា គោលដៅគឺសុខភាពទាំងផ្លូវកាយ និង ប្រាជ្ញាស្មារតីរបស់ប្រជាពលរដ្ឋ ពោលគឺយុវជនម្នាក់ ត្រូវលេងកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត។ ដូច្នេះហើយប្រជាពលរដ្ឋ ពិសេសយុវជន សិស្សានុសិស្សត្រូវនាំគ្នាលេងកីឡា ដើម្បីសុខភាព និងសុខុមាលភាព កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ មានស្មារតីក្រុម គំនិតច្នៃប្រឌិត បង្កើនមិត្តភាព និងសាមគ្គីភាព។
ថ្លែងក្នុងពិធី (បិទ) ការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានកំពត ឯកឧត្តម ខាន់ សុខា អភិបាលរងខេត្តកំពតបានលើកឡើង ថារាជរដ្ឋាភិបាលបានផ្តល់ការគ្រាំទ្រយ៉ាងខ្លាំង ដល់ការអភិវឌ្ឍន៍កីឡា ដោយកសាងហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំប្រកួតប្រជែងថ្នាក់ជាតិ អន្តរជាតិជាច្រើនដូចជាក្នុងព្រឹត្តិការណ៍ SEA GAME អាស៊ីប៉ារ៉ាហ្គេម បានជំរុញកិត្តិយសជាតិ និងបង្ហាញពីអត្តចរិក និងសមត្ថភាពរបស់កីឡាករកម្ពុជាក្នុងវិស័យកីឡាផងដែរ ។ ជាងនេះទៅទៀត សម្តេច មហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យបន្តលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូបឱ្យមានសុខភាព និងសុខុមាលភាព កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ មានស្មារតីក្រុម គំនិតច្នៃប្រឌិត និងការតស៊ូស្វិតស្វាញ។
ឯកឧត្តមបានគូសបញ្ជាក់ដែរថា វិស័យអប់រំកាយ និង កីឡាបានក្លាយជាសេវាសុខភាព មានតម្លៃដូចសេវាសុខាភិបាលសាធារណៈផងដែរ។ មិនតែប៉ុណ្ណោះ ក្មួយៗ និងប្អូនៗជាសិស្ស ដែលអនុវត្តកីឡាជាប្រចាំអាចជៀសផុតពីអំពើអបាយ មុខផ្សេងៗដូចជា ការប្រើអំពើហឹង្សា ការសេពគ្រឿងញៀន ។ ល ។ ពីព្រោះកីឡានាំឲ្យមានវិន័យ សេចក្តីថ្លៃថ្នូរ និង កិត្តិយស ។ ប្រការទាំងនេះហើយដែលនាំឲ្យក្មួយៗទាំងអស់ អាចក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និង ពលរដ្ឋល្អទៅថ្ងៃ អនាគត ។ ជាមួយគ្នានេះក្មួយៗជាកីឡាករ កីឡាការិនីដែលជាប់ជ័យលាភីត្រូវបន្តហ្វឹកហាត់ឲ្យបានខ្លាំងក្លា ដើម្បីត្រៀមចូលរួមការប្រកួតកីឡាជាតិលើកទី៥ ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី ៦ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នា ពេលខាងមុខនៅរាជធានីភ្នំពេញដណ្តើម នូវកិត្យានុភាពជូនខេត្តកំពត។
ឯកឧត្តមបានអំពាវនាវ ដល់មន្ត្រីថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុកទាំងអស់ សូមចូលរួមចំណែកបំផុសចលនាកីឡាឲ្យបានទូលំទូលាយ ជាពិសេសសកម្មភាពអប់រំកាយ និងកីឡា ដើម្បីជាគោលដៅសុខភាពទាំងផ្លូវកាយ និង ប្រាជ្ញាស្មារតីរបស់ប្រជាពលរដ្ឋ ពោលគឺ យុវជនម្នាក់ត្រូវលេងកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត។
តាមរបាយការណ៍របស់លោក ខៀវ ធនវុឌ្ឍី ប្រធានស្តីទីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត បានឲ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត មានរដ្ឋបាលក្រុង/ស្រុងទាំង០៩ចូលរួម មាន០៥ ប្រភេទកីឡា បាល់ទាត់ (បុរស-នារី) បាល់ទះ (បុរស-នារី) បាល់បោះ (បុរស-នារី) អត្តពលកម្ម ប៊ូល និង ប៉េតង់ ដែលមានកីឡាការចូលរួមប្រកួតទាំងអស់ចំនួន ៨៧២ នាក់(ស្រី ៤៤០ នាក់) ប្រតិភូ គ្រូបង្វឹក ១៩១នាក់ សរុប សរុបទាំងអស់១០៦៣នាក់។
ផ្អែកតាមលទ្ធផលបច្ចេកទេសក្រោយបញ្ចប់ការប្រកួត ស្រុកដងទង់ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស ៨ ប្រាក់៦ សំរឹទ្ធិ៤ សរុប១៨មេដាយ តាមពីក្រោយដោយស្រុកកំពង់ត្រាច ចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយមាស ៦ ប្រាក់៤ សំរឹទ្ធិ២ សរុប១២មេដាយ និង ស្រុកឈូក ចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយមាស ៤ ប្រាក់ ៣ និងសំរឹទ្ធិ៣ សរុប១០មេដាយ៕
អត្ថបទ ៖ អាន សារីម








-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ