Connect with us

ព័ត៌មាន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកយុទ្ធនាការជំរឿនមន្ត្រីសុខាភិបាលភូមិភាគនិរតី នៅខេត្តកំពត

ខេត្តកំពត៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋានដែលស្ថិតនៅក្នុងខេត្តនៃភូមិភាគនិរតី នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិជាច្រើនរូប ដើម្បីរួមគ្នាអនុវត្តតាមសារាចរលេខ១០ សរ របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង សំដៅពង្រឹងប្រសិទ្ធភាពការងារ ធានាវត្តមានមន្ត្រីបម្រើការជាក់ស្តែង និងលើកកម្ពស់គុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ក្នុងពិធីបើកនាពេលនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានឡើងថ្លែងរបាយការណ៍ស្វាគមន៍ និងសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា នេះជាយន្តការដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការជួយឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អាចគ្រប់គ្រងចំនួនមន្ត្រីរាជការ ក្នុងវិស័យសុខាភិបាល បានច្បាស់លាស់ លុបបំបាត់ភាពអសកម្ម និងធានាបាននូវការបម្រើសេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ឯកឧត្តមក៏បានអំពាវនាវដល់គ្រប់ការិយាល័យស្រុកប្រតិបត្តិ និងអង្គភាពសុខាភិបាលទាំងអស់ក្នុងខេត្ត ត្រូវផ្តល់កិច្ចសហការឱ្យបានសកម្ម និងជិតស្និទ្ធជាមួយគណៈកម្មការជំរឿន ដើម្បីឱ្យយុទ្ធនាការជារួមនេះសម្រេចបានជោគជ័យ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia