ព័ត៌មាន
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយពង្រឹងប្រព័ន្ធប្រកាសឲ្យដឹងមុនពីហានិភ័យនៃបាតុភូតអែលនីញ៉ូ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កំពុងពង្រឹងប្រព័ន្ធប្រកាសឲ្យដឹងមុនពីហានិភ័យ នៃបាតុភូតអែលនីញ៉ូ ឲ្យប្រជាពលរដ្ឋបានដឹង ដើម្បីត្រៀមលក្ខណៈបង្កាទុកជាមុន ស្របពេលក្រសួង-ស្ថានប័នពាក់ព័ន្ធនានាកំពុងតាមដានជាប់ជាប្រចាំពីការវិវត្តន៍នៃបាតុភូតអែលនីញ៉ូនេះផងដែរ។
មានប្រសាសន៍ប្រាប់ BTV នៅព្រឹកថ្ងៃទី២១ខែតុលា ឆ្នាំ២០២៦នេះ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយស្ថាប័នជំនាញពាក់ព័ន្ធនានាកំពុងតាមដានយកចិត្តទុកដាក់ និងវិភាគជាប្រចាំពីការវិវត្តនៃបាតុភូតអែលនីញ៉ូដែលប្រទេសកម្ពុជារងឥទ្ធិពលពីចុងខែតុលានេះតទៅ។ ហើយក៏មានការរៀបចំផែនការ ដើម្បីជួយអន្តរគមន៍ ឆ្លើយតប ទប់ស្កាត់ និងស្តារឡើងវិញពីគ្រោះមហន្តរាយនេះផងដែរ។
ឯកឧត្តមបន្តថា ជាយន្តការដំបូងដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកំពុងធ្វើនៅពេលនេះ គឺកំពុងអនុវត្ត និងពង្រឹងប្រព័ន្ធប្រកាសឲ្យដឹងមុនពីហានិភ័យនៃបាតុភូតអែលនីញ៉ូ ដើម្បីឱ្យប្រជាពលរដ្ឋងាយរងហានិភ័យបានដឹង ដើម្បីត្រៀមលក្ខណៈបង្ការទុកមុន។ រីឯវិធានការឆ្លើយតបបន្ទាន់លើផ្នែកជីវភាពរស់នៅ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចរាល់ប្រព័ន្ធស្បៀងបំរុង។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា យោងតាមការព្យាករ ការតាមដាន និងការវិភាគលើស្ថានភាពវិវត្តន៍ នៃអាកាសធាតុជាសកល តំបន់ ក៏ដូចជានៅក្នុងផ្ទៃប្រទេសកម្ពុជា រដូវវស្សាឆ្នាំ២០២៦ នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ (El Niño) នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។
ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់ត្រូវបន្ត យកចិត្តទុកដាក់ថែរក្សាប្រភពទឹកនៅតាមអាងទឹក ព្រមទាំងបឹងបួឱ្យបានល្អ និងត្រូវពិនិត្យវាយតម្លៃ លើសក្តានុពលទឹកដែលមាន ហើយត្រូវរៀបចំផែនការប្រើប្រាស់ទឹកជាពីរផ្នែកសំខាន់ៗរួមមាន ទី១. សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ (អាទិភាព) និងទី២.សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវរដូវប្រាំង និងដំណាំរួមផ្សំ។ ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន មេត្តាបន្តចូលរួមសហការក្នុងការ ថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំងនាពេលខាងមុខ និងចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលស្ថិតនៅឆ្ងាយពីប្រភពទឹក៕ អត្ថបទ៖ ទូច សោភ័ណ



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣