Connect with us

ព័ត៌មាន

កម្ពុជាបដិសេធការចោទប្រកាន់ដដែលៗរបស់ថៃ និងតវ៉ាចំពោះសកម្មភាពគ្មានការអនុញ្ញាតនៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បដិសេធយ៉ាងម៉ឺងម៉ាត់ និងដាច់ខាតចំពោះការចោទប្រកាន់ជាបន្តបន្ទាប់របស់អាជ្ញាធរយោធាថៃ ដែលថាកម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណសម្រាប់គោលបំណងយោធា។ ការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនេះ បានបំភ្លៃការពិត បំភាន់សាធារណជន បំភាន់សាធារណមតិ និងបង្វែរការយកចិត្តទុកដាក់ចេញពីការបំផ្លិចបំផ្លាញ និងការខូចខាតដែលកងកម្លាំងប្រដាប់អាវុធថៃបានបង្កឡើងចំពោះបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។

កម្ពុជាសូមបញ្ជាក់ជាថ្មីថា ប្រាសាទបុរាណ និងទីតាំងបុរាណវិទ្យា គឺជាទីតាំងដែលមានសារៈសំខាន់ផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងជាទីកន្លែងសម្រាប់ការគោរពបូជាសាសនា ការអភិរក្ស ការស្រាវជ្រាវ ការអប់រំ និងទេសចរណ៍ មិនមែនជាមូលដ្ឋានយោធាឡើយ។ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ និងអនុសញ្ញា ឆ្នាំ១៩៧២ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ។

ទន្ទឹមនឹងនេះ កម្ពុជាតវ៉ាដាច់អហង្ការចំពោះវត្តមានរបស់កងកម្លាំងយោធាថៃ និងសកម្មភាពឯកតោភាគីនានាដែលអាជ្ញាធរថៃបានអនុវត្តនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ ព្រមទាំងទីតាំងបុរាណវិទ្យាផ្សេងទៀតរបស់កម្ពុជាតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ដោយគ្មានការអនុញ្ញាតពីកម្ពុជា។ សកម្មភាពទាំងនេះរួមមាន សកម្មភាពបោសសម្អាតមីន ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញអគ្គិសនី គម្រោងជួសជុល និងស្តារឡើងវិញ ព្រមទាំងសកម្មភាពផ្សេងៗទៀតដែលប៉ះពាល់ដល់ទីតាំងទាំងនេះ។ សកម្មភាពបែបនេះបានបង្កឱ្យមានក្តីបារម្ភយ៉ាងធ្ងន់ធ្ងរទៅលើការមិនគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយអាចរារាំងដល់ដំណើរការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ដោយសន្តិវិធី។

កម្ពុជាសូមរំឭកជាថ្មីផងដែរអំពីការខូចខាតយ៉ាងធ្ងន់ធ្ងរមកលើប្រាសាទព្រះវិហារ និងទីតាំងបេតិកភណ្ឌវប្បធម៌ផ្សេងទៀតរបស់កម្ពុជា ក្នុងអំឡុងពេលនៃការប៉ះទង្គិចប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងមិនអាចជំនួសបាន ហើយដែលការខូចខាតនេះត្រូវបានកត់ត្រាទុកជាឯកសារយ៉ាងច្បាស់លាស់ បានគូសបញ្ជាក់ពីភាពចាំបាច់បន្ទាន់នៃការបន្តអត់ធ្មត់កុំឱ្យមានការបំផ្លាញជាបន្ត ការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនដែលជាអ្នកបំផ្លាញ និងការគោរពយ៉ាងពេញលេញចំពោះអនុសញ្ញាអន្តរជាតិនានា ពាក់ព័ន្ធនឹងការការពារបេតិកភណ្ឌវប្បធម៌។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវឱ្យអាជ្ញាធរថៃបញ្ឈប់ការចោទប្រកាន់ដដែលៗគ្មានមូលដ្ឋានទាំងនេះ បញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងងាកមកដោះស្រាយបញ្ហាដែលនៅសេសសល់ តាមមធ្យោបាយសន្តិវិធី និងយន្តការទ្វេភាគីដែលបានបង្កើតឡើង ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC)។ កម្ពុជាទាមទារជាថ្មីឱ្យមានការប្រគល់ត្រឡប់មកវិញនូវវត្ថុបុរាណដែលត្រូវបានយកចេញពីប្រាសាទខ្នារ និងដែលបានដឹកយកទៅប្រទេសថៃ។

ប្រាសាទទាំងនេះ ត្រូវតែទទួលបានការការពារមិនត្រូវយកទៅធ្វើជាឧបករណ៍នយោបាយ សុទ្ធតែជាប្រាសាទត្រូវការអភិរក្ស ហើយក៏មិនមែនជាប្រាសាទសម្រាប់ការកេងប្រវ័ញ្ចណាមួយនោះទេ ក៏ដូចគ្នាសុទ្ធតែជាប្រាសាទដែលគួរតែត្រូវបានទទួលការគោរព និងមិនមែនជាប្រាសាទសម្រាប់សកម្មភាពឯកតោភាគី ឬសម្រាប់ជាទីតាំងប្រឈមមុខដាក់គ្នាដោយកម្លាំងយោធាឡើយ។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួនសម្រាប់មនុស្សជំនាន់ក្រោយ និងអំពាវនាវឱ្យគ្រប់ភាគីទាំងអស់គោរពច្បាប់អន្តរជាតិ និងបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារបេតិកភណ្ឌវប្បធម៌។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia