Connect with us

ព័ត៌មាន

ពិព័រណ៍ហ្វ្រង់កូហ្វូនីនៅ TIA ទាក់ទាញអ្នកដំណើរអន្តរជាតិឈ្វេងយល់ពីកម្ពុជា និង​ពិភព​ហ្វ្រង់​កូហ្វូនី

នៅអាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅពេលនេះ បាន​និង​កំពុង​ដំណើរ​ការ​ផ្លូវ​ការ​រៀប​ចំ​ពិព័រណ៍ «ការមកដល់នៃហ្វ្រង់កូហ្វូនី» រយៈពេល៤៨ថ្ងៃ ចាប់ពីថ្ងៃ១៧ ខែតុលា ដល់ថ្ងៃទី៣០ ខែ​វិច្ឆិកា ដើម្បីអបអរសាទរប្រតិភូជាន់ខ្ពស់មកពីតាមប្រទេសនានាចូលរួមព្រឹត្តិការណ៍ «កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនីលើកទី២០» នៅកម្ពុជា និងបើកឱកាសឲ្យអ្នក​ដំណើរ​អន្តរជាតិ​នានា​ស្វែង​យល់​បន្ថែម​អំពី​វប្បធម៌ បេតិកភណ្ឌ ប្រវត្តិសាស្ត្រ និងទំនាក់ទំនងរវាងកម្ពុជា និងពិភពហ្វ្រង់កូហ្វូនី។

អ្នកដំណើរជាតិ អន្តរជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃទី២៣ ខែតុលា នេះថា អ្នកដំណើរអន្តរជាតិ មក​ពីតាមប្រទេសនានា គឺបានអបអរសាទរកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី ​លើក​ទី២០» ហើយនៅក្នុង​សាល​ពិព័រណ៍​ហ្រ្វង់​កូហ្វូនី​នៅ​ក្នុង​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​តេជោ​នេះ ​គឺបា​នផ្សព្វផ្សាយ និងផ្តល់នូវការយល់ដឹងជាច្រើនអំពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ បេតិក​ភណ្ឌ ចំណងទំនាក់ទំនងវប្បធម៌រវាងកម្ពុជា និងសហគមន៍អន្តរជាតិប្រើប្រាស់ភាសាបារាំង ហើយ​តាមរយៈការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅកម្ពុជានេះ ភ្ញៀវអន្តរជាតិ ក៏បាន​អំពា​វនា​វ​ដល់​អ្នក​វិនិយោគទុន និងទេសចរអន្តរជាតិនានា នាំគ្នាមកចូលរួម និងមកស្វែង​រក​ឱកាស​វិនិយោគ ​ធ្វើដំណើរកម្សាន្តទេសចរណ៍ សិក្សាស្វែងយល់សក្តានុពលទេសចរណ៍ និងការ​ទទួល​យក​ឱកា​ស​ល្អៗនានាទៀត។

សូមបញ្ជាក់ថា កម្ពុជា ក្នុងអំឡុងធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» ក្រោម​មូលបទ៖ រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថេរភាពយូរអង្វែងនេះ នឹង​មាន​ប្រតិភូ​ជាន់​ខ្ពស់ ដែលសុទ្ធសឹងជាប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល តំណាងប្រមុខថ្នាក់ដឹកនាំ ថ្នាក់​ដឹក​នាំ​សហព័ន្ធ​ សហគមន៍ និងក្រុមហ៊ុនអន្តរជាតិ និងអ្នកពាក់ព័ន្ធ​នានា​មក​ពី​តាម​បណ្តា​ជា​ប្រទេស​សមាជិក​ពេញ​សិទ្ធ សមាជិកបំរុង និងប្រទេសសង្កេតការណ៍ និយាយភាសាបារាំង សរុបប្រមាណ​ជិត​៩០​ប្រទេសអញ្ជើញចូលរួម។

នៅក្នុងព្រឹត្តិការណ៍«កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» នេះ ក្រៅពីមានកិច្ចប្រជុំកំពូល ក៏​មាន​ព្រឹត្តិការណ៍អមមួយចំនួនទៀត រួមមាន៖ ១ .សន្និសិទថ្នាក់រដ្ឋមន្ត្រី ប្រទេស​និយាយ​ភាសា​បារាំង​ ២.ព្រឹត្តិការណ៍អមសម្តែងទស្សនីយភាពសិល្បៈវប្បធម៌ ប្រពៃណី​របស់​សហគមន៍​ប្រជាជាតិ​និយាយ​ភាសាបារាំង ៣. ព្រឹត្តិការណ៍អម ពិព័រណ៍ហ្រ្វង់កូតិច ផ្តោតផ្នែកបច្ចេកវិទ្យា សេដ្ឋកិច្ច​ឌីជីថល ៤. ព្រឹត្តិការណ៍អម ជំនួបសហគ្រិនហ្រ្វកូហ្វូន ជំរុញការតភ្ជាប់ដៃគូពាណិជ្ជកម្ម និង​ទី៥ ព្រឹត្តិការណ៍អមពិព័រណ៍«ភូមិហ្វ្រង់កូហ្វនី»ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនវត្តបុទុមវតី ជាដើម៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia