ព័ត៌មាន
ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ចំពោះ ក្រុមហ៊ុនផលិតដំណាប់ស្វាយមួយនៅខេត្តកំពង់ធំក្រោយរកឃើញដំណើរការមិនគោរពតាមច្បាប់បរិស្ថាន
ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ ចំពោះក្រុមហ៊ុន JIAGUO AGRICULTURAL TECHNOLOGY (CAMBODIA) CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីបានរកឃើញមានការបញ្ចេញសំណល់រាវប៉ះពាល់ដល់បរិស្ថាន បានដំណើរការដោយគ្មានលិខិតបទដ្ឋានគតិយុត្តិ និងមិនបានបំពាក់ឧបករណ៍សម្អាតបរិស្ថានឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសបរិស្ថាន។
ក្រសួងបរិស្ថានបានតម្រូវឱ្យផ្អាកផលិតកម្មជាបណ្តោះអាសន្ន ដើម្បីធ្វើការសម្អាតសំណល់រាវ និងទប់ស្កាត់ការបំពុលបរិសា្ថន។ ក្រុមហ៊ុនត្រូវអនុវត្តច្បាប់ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៥៦ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨។ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន
១. បញ្ឈប់ការបញ្ចេញសំណល់រាវកខ្វក់ជាបន្ទាន់ទោះរូបភាពណាក៏ដោយ។
២. ត្រូវសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
៣. ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង។
៤. ត្រូវកែសម្រួលប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអនុលោមតាមស្ដង់ដា។
៥. ក្រុមហ៊ុនត្រូវផ្ដល់សំណងការខូចខាតបរិស្ថាន តាមការគណនាជាក់ស្ដែង។
៦. ត្រូវទុកដាក់សំណល់សំបក និងគ្រាប់ស្វាយឱ្យបានត្រឹមត្រូវ និងហាមដាច់ខាតដុតសំណល់គ្រប់ប្រភេទ។
សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានក្រសួងបរិស្ថាន ដឹកនាំដោយ លោក ជោ ថុល អនុប្រធាននាយកដ្ឋាន និងមានការចូលរួមពីមន្រ្តីមន្ទីរបរិស្ថានខេត្តកំពង់ធំ លោកអភិបាលរងស្រុកស្ទោង តំណាងឃុំកំពង់ចិនជើង និងលោកមេភូមិត្រាច បានធ្វើការចុះត្រួតពិនិត្យ ការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុនខាងលើ។ ក្រុមការងារបានរកឃើញ ក្រុមហ៊ុនបានបញ្ចេញផ្សែងចេញពី បំពង់ផ្សែងឡចំហាយ ដោយលទ្ធផលទទួលបាន CO=3237ppm NOx=4771ppm SO2=1232ppm លើសកម្រិតកំណត់ស្ដង់ដា។ លើសពីនេះក្រុមហ៊ុនបានបើកដំណើរការចាប់ពីខែកុម្ភៈឆ្នាំ២០២៥ ពុំមានកិច្ចសន្យាបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនឹងបរិស្ថាន។ ក្រុមហ៊ុន ពុំមានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ដោយបង្ហូរសំណល់រាវដោយផ្ទាល់ចូលប្រឡាយ និងអាចហូរចូលស្ទឹងធម្មជាតិនៅពេលបរិមាណសំណល់រាវច្រើន។ កន្លងមកនេះក្រុមហ៊ុនបានប្រព្រឹត្តល្មើសច្បាប់ ដោយទុកដាក់សំណល់មិនបានត្រឹមត្រូវ និងបានដុតសំរាម សំណល់ប្លាស្ទិក៕










-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ