ព័ត៌មាន
កម្ពុជា បន្តតវ៉ាជំទាស់សកម្មភាពខុសច្បាប់ របស់កម្លាំងប្រដាប់អាវុធថៃ នៅតំបន់បឹងត្រកួន និងភូមិជោគជ័យ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បន្តតវ៉ាជំទាស់ទៅនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពខុសច្បាប់លើដីកម្ពុជានៅតំបន់បឹងត្រកួត និងភូមិជោគជ័យ នៃខេត្តបន្ទាយមានជ័យ។
យោងតាមសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា យោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន មានហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលបន្ថែមទៀតរបស់កម្ពុជា ត្រូវបានយោធាថៃវាយកម្ទេចបំផ្លិចបំផ្លាញនៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង៣៦ ក្នុងស្រុកថ្មពួក។ ដោយឡែកនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ យោធាថៃ បានជីកប្រឡាយ និងសាងសង់ផ្លូវមួយខ្សែ ព្រមទាំងចាក់ដីលុបស្រះទឹក។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកសកម្មភាពទាំងនេះ ជាការកែប្រែភូមិសាស្ត្រ ហើយជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ក្នុងការបង្កើតភាពស្របច្បាប់ចំពោះការកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជា។ ទង្វើទាំងនេះ បំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងចំណុចទី១ នៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីវិធានការបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេចំពោះការដោះស្រាយជម្លោះព្រំដែនទាំងអស់ដោយសន្តិវិធី និងមិត្តភាពជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនេះប្រកាន់ខ្ជាប់នូវគោលជំហរជាគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំងឡើយ៕


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣