Connect with us

ព័ត៌មាន

ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលកំពុងសម្រួលដល់អាជីវកម្មអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ដោយបច្ចេកវិទ្យាកាន់តែទំនើប អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬបុគ្គលស្វ័យនិយោជន៍ មាន​ចំនួនកាន់តែច្រើន បានប្រើប្រាស់ QR code ដើម្បីស្គេន ទូទាត់ប្រាក់ តាម​ប្រព័ន្ធ​ឌីជីថល​ជា​មួយ​ទូរសព្ទ​ស្មាតហ្វូត ក្នុងការដោះដូរទំនិញនៅលើទីផ្សារប្រចាំថ្ងៃរបស់ពួកគាត់។ ក្រុម​អ្នក​ប្រកប​របរ​ក្នុង​សេដ្ឋកិច្ចក្រៅប្រព័ន្ធ អះអាងថា ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល គឺ​មាន​ការ​ពេញ​និយម​ជា​ខ្លាំង​ក្នុង​ចំណោមអតិថិជនរបស់ពួកគាត់ ព្រោះលឿន រហ័ស សុវត្ថិភាពនិងអាចទុកចិត្តបាន។

ក្រុម​អាជីវករ លក់ដូរនៅផ្សារធំថ្មី រាជធានីភ្នំពេញ ប្រាប់ BTV ថា អតិថិជនរបស់ពួកគាត់ទាំងខ្មែរ និ​ង​ជនបរទេស គឺនិយមបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកគឺ ស្គេន QR code ជាមួយទូរស័ព្ទដៃ ដែល​មាន​ងាយស្រួលលឿនរហ័ស មានសុវត្ថិភាព និងអាចទុកចិត្តបាន។ ពួកគាត់ សង្កេត​ឃើញ​ថា ​អតិថិជនភាគច្រើនបានទូទាត់ទំនិញជាប្រាក់រៀលច្រើនជាងប្រាក់ដុល្លារ ដែលនេះបង្ហាញថា ប្រជា​ពលរដ្ឋខ្មែរ បានរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងទីផ្សារ ស្រប​តាម​គោល​នយោបាយរបស់ធនាគារជាតិ នៃកម្ពុជា។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា គិត​មកដល់ពេលនេះ ធនាគារ របស់លោក បានបើកគណនីធនាគារជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កើន​ដល់ប្រមាណ ៤ម៉ឺននាក់ ដែលមានន័យពួកគាត់ អាចប្រើ​ប្រាស់​សេវា​កម្ម​តាម​ប្រព័ន្ធ​ឌីជីថល​គ្រប់​ប្រភេទ​ធនាគារ ក្នុងការ ទូទាត់ប្រាក់ បង់ប្រាក់ និងផ្ទេរប្រាក់ ជាដើម។

របាយការណ៍ប្រចាំឆ្នាំ ២០២៥ របស់ធនាគារ ជាតិ នៃកម្ពុជា (NBC) បានបង្ហាញថា ប្រតិ​បត្តិ​ការ​​ផ្ទេរ​ប្រាក់ និងទូទាត់ប្រាក់ ដែលធ្វើឡើង តាមរយៈប្រព័ន្ធបាគងបានកើនឡើង ១,២ ដង (បើ​ធៀប​នឹង​ឆ្នាំ២០២៤) ដល់ជាង ១ ៣០០ លានប្រតិបត្តិការ គិតត្រឹមឆ្នាំ២០២៥។ ក្នុងនោះ ប្រតិបត្តិ​ការ​ប្រាក់រៀល តាមប្រព័ន្ធបាគង បានកើនដល់ជាង ៧៧១ លានប្រតិបត្តិការ និងប្រតិ​បត្តិការ​ប្រាក់​ដុល្លារអាម៉េរិក កើនដល់ជាង ៥៥៤លានប្រតិបត្តិការ៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia