Connect with us

ព័ត៌មាន

វិចារណកថាក្រសួងបរិស្ថាន៖ ទិសដៅខ្យល់បច្ចុប្បន្នបង្ហាញថា អ័ព្ទផ្សែង​ពីកម្ពុជា​មិនមែន​ជា​មូល​ហេតុ​នៃ​បញ្ហាបំពុលខ្យល់នៅទីក្រុងបាងកកឡើយ

ភ្នំពេញ៖ ការវាយតម្លៃផ្នែកបច្ចេកទេសលើលក្ខខណ្ឌអាកាសធាតុបច្ចុប្បន្នបានបង្ហាញថា ក្រោម​ឥទ្ធិពល នៃ​របបខ្យល់មូសុងប្រាំង ដែលមានទិសដៅ​ខ្យល់​បក់​ពីទិសខាង​ជើង​ឆ្ពោះទៅ​ទិស​ខាង​ត្បូង ​អ័ព្ទផ្សែង ដែលមានប្រភពចេញពីប្រទេសកម្ពុជា​មិនសូវ​មាន​លទ្ធភាព​ក្នុង​ការ​បង្ក​ផល​ប៉ះពាល់​ដល់​គុណភាពខ្យល់នៅទីក្រុងបាងកកនោះទេ។

យោងតាមគោលការណ៍ឧតុនិយម ក្នុងអំឡុងរដូវប្រាំង តំបន់អាស៊ីអាគ្នេយ៍​ទទួល​រង​ឥទ្ធិពល​ពី​របប​ខ្យល់មូសុងប្រាំង ដែលជាទូទៅខ្យល់បក់ពីទិសខាងជើង ឬឦសាន ឆ្ពោះទៅទិសខាងត្បូង ឬ​និ​រតី។ ក្រោមលក្ខខណ្ឌនេះ ម៉ាសខ្យល់មានទិសដៅផ្លាស់ទីឆ្ងាយពីតំបន់កណ្ដាលនៃប្រទេសថៃ ជា​ជាង​ផ្លាស់ទីពីតំបន់ភាគអាគ្នេយ៍ ឆ្ពោះទៅទីក្រុងបាងកក។ ដូច្នេះ ការលើក​ឡើង​ថា​ផ្សែង​បក់​ពី​តំបន់​ភាគ​អាគ្នេយ៍ (កម្ពុជា) ឆ្ពោះទៅកាន់ទីក្រុងបាងកក គឺមិនស្របទៅ​នឹង​ទិស​ដៅ​ខ្យល់​បច្ចុប្បន្ន​ឡើយ​។

អ្នកជំនាញបានពន្យល់ថា ការសាយភាយនៃភាគល្អិត PM2.5 ឆ្លងដែន អាស្រ័យទៅលើ​កត្តា​សំខាន់​ៗ​ដូចជា ទិសដៅ និងល្បឿនខ្យល់ ស្ថិរភាពបរិយាកាស និងលក្ខណៈភូមិសាស្ត្រ។ នៅ​ពេល​ដែល​ទិស​ដៅខ្យល់មិនស្របគ្នា លទ្ធភាពនៃការសាយ​ភាយ​ការ​បំពុល​ពី​តំបន់​មួយ​ទៅតំ​បន់​មួយ​ទៀត​គឺទាប។ ការវិភាគបង្ហាញថា អ័ព្ទផ្សែងដែលកើតមាននៅកម្ពុជា មាននិន្នា​ការ​សាយភាយ​ក្នុង​តំ​បន់ជិតខាង ឬឆ្ពោះទៅទិសខាងត្បូង ច្រើនជាង​ការ​បក់​បញ្ច្រាស​ទិស​ទៅ​ភាគ​ពាយ័ព្យ​ដែល​ជា​ទី​តាំង​របស់ទីក្រុងបាងកក។

អ្នកជំនាញបានបញ្ជាក់ថា អ័ព្ទផ្សែងឆ្លងដែន គឺជាបាតុភូតដែលអាច​កើត​មាន​បាន​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ក្រោមលក្ខខណ្ឌអាកាសធាតុខុសៗគ្នា ជាពិសេសនៅពេលមានការផ្លាស់​ប្តូរ​ទិស​ដៅ​ខ្យល់​។ ដូច្នេះ ការតាមដានបន្តអំពីទិសដៅខ្យល់ សកម្មភាពចំណុចក្តៅ និងលក្ខខណ្ឌបរិយាកាស នៅ​តែ​មានសារៈសំខាន់ សម្រាប់ការវាយតម្លៃប្រភពបំពុលឱ្យបានត្រឹមត្រូវ។

ជារួម ការវាយតម្លៃបច្ចេកទេសសន្និដ្ឋានថា ក្រោមស្ថានភាពអាកាសធាតុនាពេលនេះ ប្រភព​បំពុល​ពី​កម្ពុជា​មិនមែន​ជា​កត្តា​សំខាន់​ដែល​នាំ​ឱ្យ​គុណ​ភាព​ខ្យល់​នៅ​ទីក្រុង​បាង​កក​ធ្លាក់​ចុះនោះ​ទេ​៕​

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia