ព័ត៌មាន
រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមគ្រួសារវីរយុទ្ធជន និងវីរនគរបាលពលី កងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក
រាជរដ្ឋាភិបាល ជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះក្រុមគ្រួសារវីរយុទ្ធជន និងវីរនគរបាលពលី រងរបួស វីរយុទ្ធជនកំពុងឈរជើងនៅជួរមុខ និងពលរដ្ឋកំពុងភៀសសឹក។ នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ជាក់ស្ដែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៦ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តចាន់ស៊ីសាមគ្គីរតនារាម ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋភៀសសឹកចំនួន៣០០ គ្រួសារផ្សេងទៀត មកពីស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ក៏បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ព វីរកងរាជអាវុធហត្ថ និងវីរកងនគរបាលជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដីសរុបចំនួន១៨គ្រួសារមកពីខេត្តឧត្តរមានជ័យ។ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតក៏បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងប្រគល់ផ្ទះជូនគ្រួសារវីរយុទ្ធជនពលីក្នុងខេត្តសៀមរាប បន្ទាប់ពីបានអញ្ជើញប្រគល់ផ្ទះថ្មីជូន គ្រួសារវីរកងទ័ពពលីជាបន្តបន្ទាប់ក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្តាលជាដើម។ លោកជំទាវបណ្ឌិតក៏បាននាំយកអំណោយជាច្រើន មានដូចជា៖ ថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសពដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ក៏ដូចជាការផ្តល់ជូនជម្រកសមរម្យដល់ពួកគេ។

នៅចំពោះមុខពលរដ្ឋភៀសសឹក សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំគ្រប់មធ្យោបាយដើម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡើងវិញ និងខិតខំរៀបចំការស្នាក់នៅបណ្តោះអាសន្នដល់បងប្អូន អ៊ំពូមីង តាយាយដែលត្រូវចាកឆ្ងាយពីលំនៅដ្ឋាន ហើយមិនទាន់អាចត្រឡប់ទៅវិញក្នុងពេលនេះ។ រាជរដ្ឋាភិបាលជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនឱ្យកាន់តែល្អប្រសើរទាំងសុវត្ថិភាពនិងបរិស្ថានស្អាត ដោយមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់នោះទេ ពោលគឺ “សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងប្រទេស”។

នៅចំពោះមុខគ្រួសារយុទ្ធជនពលី សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុតចំពោះវីរភាពរបស់យោធិនពលី ហើយសូមចងចាំ និងដឹងគុណបំផុតចំពោះការលះបង់ដើម្បីបុព្វហេតុការពារជាតិ។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចបវរធិបតី បានថ្លែងអំណរគុណដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយជាតិតាមរយៈវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនដែលជាសមាជិកគ្រួសារ និងផ្តល់វីរភាពដ៏ល្អ ស្មោះត្រង់ និងឆន្ទ:ដ៏មុះមុតដើម្បីជាតិនិងប្រជាជនកម្ពុជា។ គុណូបការៈទាំងនេះ ពិតជាមានតម្លៃលើសអ្វីៗទាំងអស់ ហើយនឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្ត សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនិងគ្រប់ជំនាន់។
ដើម្បីជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លានេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយនិងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា៖ ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានឡើងវិញ ឬការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូររហូតដល់ការបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។

ចំណែកឯប្រជាពលរដ្ឋភៀសសឹកវិញត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជួយផ្គត់ផ្គង់គ្រប់បែបយ៉ាង ទាំងជម្រកស្នាក់នៅ ការការពារសន្តិសុខ សុវត្ថិភាព ការផ្គត់ផ្គង់ស្បៀងអាហារ ទឹកស្អាតសម្រាប់ទទួលទាននិងប្រើប្រាស់ ភ្លើងអគ្គិសនី បន្ទប់ទឹក បង្គន់អនាម័យ ផ្តល់សេវាសុខាភិបាលនៅនឹងកន្លែង និងសេវាអប់រំសម្រាប់កុមារតាមរយៈការរៀបចំថ្នាក់រៀនបណ្តោះអាសន្ននៅក្នុងមណ្ឌល កម្មវិធីអប់រំផ្លូវចិត្តតាមរយៈព្រះពុទ្ធសាសនា និងមានទាំងការរៀបចំសួនបន្លែក្នុងមណ្ឌលភៀសសឹកដើម្បីដាំបន្លែសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលថែមទៀតផង។ បំណុលដែលពួកគេជំពាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុក៏ត្រូវបានជួយសម្រួល។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា រយៈពេលចុងក្រោយនេះ សកម្មភាពដ៏លេចធ្លោជាងគេរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត គឺការផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រួសារយុទ្ធជនពលី វីរយុទ្ធជនរងរបួស វីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។ ទន្ទឹមនឹងនោះ ដៃម្ខាងទៀតរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក៏បាននិងកំពុងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី យ៉ាងសកម្មប្តូរផ្តាច់បំផុត តាមរយៈដំណោះដោយសន្តិវិធីតាមយន្តការទ្វេភាគីដែលមានស្រាប់ ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ ដូចប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការការពារទឹកដី និងប្រជាជនគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ
-
ព័ត៌មាន1 week agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន
-
ព័ត៌មាន2 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoក្រសួងការងារ នាំយកឱកាសការងារជិត ៣ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ផ្សព្វផ្សាយជូនដល់ពលរដ្ឋ ក្នុងខេត្តបាត់ដំបង