ព័ត៌មាន
ចំពោះមុខសម្ដេចតេជោ, អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ ប្ដេជ្ញាខិតខំប្រឹងប្រែងពូនជ្រំទំនាក់ទំនងកងទ័ពកម្ពុជា-ឡាវ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ឯកឧត្តមឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានបង្ហាញនូវការប្ដេជ្ញាខិតខំប្រឹងប្រែងពូនជ្រំទំនាក់ទំនងកងទ័ពកម្ពុជា-ឡាវឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានភាពល្អប្រសើរ ជាពិសេសសន្ដិសុខ សុវត្ថិភាពនៅតាមបន្ទាប់ព្រំដែនប្រទេសទាំងពីរ។
ឯកឧត្តមឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានបង្ហាញនូវការប្ដេជ្ញាចិត្តបែបនេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតចូលជួបម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភានៃកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ រួមទាំងប្រទេតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ។
សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ រួមទាំងប្រទេតិភូមកកាន់ប្រទេសកម្ពុជានាក្នុងឱកាសនេះ នឹងជាចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឡាវឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសទំនាក់ទំនងកងទ័ពនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។
ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានរំលេចអំពីព្រឹត្តិការណ៍កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសឡាវ គឺ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត(Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលនេះជាចំណុចដ៏សំខាន់ជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឡាវនាពេលបច្ចុប្បន្ន។
នៅក្នុងឱកាសនោះឯកឧត្តមឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានសម្ដែងនូវការអរគុណជាអនេកដែលសម្ដេចតេជោបានអនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ។
ឯកឧត្តម បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា និងឡាវ នាពេលបច្ចុប្បន្ន ជាពិសេសសង្គត់ធ្ងន់ទៅលើទំនាក់ទំនងវិស័យការពារជាតិ និងកងទ័ពរវាងប្រទេសទាំងពីរ ហើយឯកឧត្តមបានប្ដេជ្ញានៅចំពោះមុខសម្ដេចតេជោថា នឹងខិតខំប្រឹងប្រែងពូនជ្រំនៃទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្តទៀត។
ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតាមព្រំដែន ដែលជាព្រំដែនសន្ដិភាព សហប្រតិបត្តិការជាមួយគ្នា ហើយមាននូវសុខសន្ដិភាព សុវត្ថិភាពជាមួយគ្នាបានល្អតាមរយៈការសហការរវាងប្រទេសទាំងពីរកងទ័ព និងអាជ្ញាធរនៃប្រទេសទាំងពីរផងដែរ។
ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត ក៏បានរាយការណ៍ជូនសម្ដេចតេជោ អំពីសកម្មភាពក៏ដូចជាកិច្ចសហប្រតិបត្តិការដែលឯកឧត្តមបានជួបពិភាក្សាជាមួយ ឯកឧត្តម អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រួមទាំងរដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជា ក្នុងពេលដែលឯកឧត្តមបានបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលជាកត្តាដ៏សំខាន់ក្នុងការដាក់ចេញនូវផែនការពង្រីកនូវទំនាក់ទំនងទ្វេភាគី ក្នុងក្របខណ្ឌនៃកងទ័ពកម្ពុជា និងកងទ័ពប្រជាជនឡាវ។
នៅក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវក្ដីរីករាយក្រៃលែងចំពោះរបាយការណ៍ ក៏ដូចជាលទ្ធផលដែលឯកឧត្តមឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត បានបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ពរបស់កម្ពុជាដែលជាចំណុចដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនងកងទ័ពនៃប្រទេសទាំងពីរ។
សម្ដេចតេជោ ក៏បានជំរុញបន្ថែមឱ្យវិស័យការពារជាតិ និងកងទ័ពកម្ពុជា និងឡាវ ពង្រីកនូវការចែករំលែកបទពិសោធន៍ជាមួយគ្នា និងការបណ្ដុះបណ្ដាលនូវធនធានរវាងគ្នាទៅវិញទៅមកឱ្យកាន់តែផុលផុស និងមានចំនួនច្រើនជាងមុនតាមរយៈការផ្ដល់អាហាររូបករណ៍ជាដើមនៅក្នុងវិស័យការពារជាតិដើម្បីជាផ្នែកក្នុងការរុញច្រានក្នុងការបណ្ដុះបណ្ដាលមូលធនមនុស្សនៅក្នុងវិស័យការពារជាតិឱ្យកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ ក៏បានបង្ហាញនូវក្ដីរីករាយ និងបានឃើញនូវកិច្ចសហប្របត្តិបត្តិការដ៏ល្អនៅតាមព្រំដែនរវាងកម្ពុជា និងឡាវដែលមានមកជាមួយគ្នានាពេលកន្លងមក ហើយសម្ដេចសង្ឃឹមនឹងជំរុញបន្ថែមឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរធ្វើការជាមួយគ្នាបន្ថែមទៀតដើម្បីធ្វើយ៉ាងណារក្សានូវសន្ដិភាពសន្ដិសុខនៅតាមព្រំដែនឱ្យកាន់តែល្អប្រសើរបន្តទៀត៕





-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន4 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន4 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន4 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន4 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ