Connect with us

កីឡា

ភ្នំពេញក្រោនបន្ថែមកីឡាករបរទេស ៣រូប ត្រៀមជួបព្រះខ័នរាជស្វាយរៀង ក្នុងពានកម្រិតទី៣ ទ្វីបអាស៊ី

ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានបន្ថែមកីឡាករបរទេស ៣រូប ខណៈ​ម្នាក់​ជា​អតីត​សមាជិក​ចាស់​របស់​ខ្លួន ដើម្បីត្រៀមជួបក្រុមព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នៃ​ពាន​រង្វាន់​ក្លិប​បាល់​ទាត់​កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាដើមខែមីនា ឆ្នាំ​២០២៦ខាងមុខ។

ក្នុង​ចំណោមសមាជិកថ្មីទាំង ៣រូប ដែលភ្នំពេញក្រោន ទើបប្រកាសកាលពីចុងសប្ដាហ៍កន្លងទៅ រួម​មាន​ខ្សែប្រយុទ្ធអ៊ុយក្រែន Valeriy Hryshyn ដែលកីឡាករវ័យ ៣១ឆ្នាំរូបនេះ ធ្លាប់​លេង​ឲ្យ​ក្រុម​សិង្ហ​ក្រហម​ម្ដងរួចមកហើយ កាលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ មុនចាកចេញ​ទៅ​លេង​ឲ្យក្លិ​ប​ ២ទៀត នៅបង់ក្លាដែស និងឥណ្ឌូនេស៊ី។

ចំណែក ២រូបទៀត សុទ្ធតែមានប្រវត្តិមិនធម្មតា រួមមានខ្សែការពារសញ្ជាតិអ៊ីតាលី Pape Serigne ​និង​ខ្សែបម្រើសញ្ជាតិកាណាដា Diego Gutierrez ។ បច្ចុប្បន្ន Pape Serigne មានវ័យ ២៦ឆ្នាំ​ ដែលធ្លាប់លេងច្រើនតាមបណ្ដាក្លិបនៅអឺរ៉ុប ដូចជាអ៊ីតាលី ក្រូអាត លីទុយអានី និង​ឆេក​ជា​ដើម ​ខណៈមុនផ្ទេរមកភ្នំពេញក្រោន រូបគេ បានលេងឲ្យក្លិប Dordoi Bishkek ​នៃ​លីគ​កំពូល​កៀហ្ស៊ី​​ស៊ីស្ថាន​។

រីឯកីឡាករ Diego Gutierrez វិញ ធ្លាប់មានបទពិសោធន៍លេងនៅលីគធំៗជាច្រើន ក្រោយវិវឌ្ឍន៍​ខ្លួន​ចេញ​ពី​ក្រុម​យុវជនក្លិប Palestino នៃលីគកំពូលឈីលី រូបគេបានលេងឲ្យក្រុមធំ ចន្លោះ​ឆ្នាំ​២០១៥ ​ដល់​ឆ្នាំ​២០១៩ ហើយបន្ដផ្លាស់ទៅលេងឲ្យក្លិប Valour FC នៃលីគកំពូលកាណាដា, ក្លិប AC Barnechea នៃលីគទី២ ឈីលី មុនផ្ទេរមកលេងឲ្យក្លិប Valour FC វិញ នៅឆ្នាំ២០២២ ខណៈ​ចុង​ក្រោយ​កីឡាករ​វ័យ ២៨ឆ្នាំរូបនេះ បានលេងឲ្យក្លិប Cavalry FC នៃលីគកំពូល​កាណាដា ​នៅ​ឆ្នាំ២០២៤ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២៦។

ការនាំចូលកីឡាករ​បរទេសថ្មីនេះ បានធ្វើឲ្យភ្នំពេញក្រោន មានកីឡាករបរទេស ១១រូប មិនបូក​បញ្ចូល​កីឡាករ​សញ្ជាតិខ្មែរ-កូឡុំប៊ី Andres Nieto ។ សម្រាប់កូតាកីឡាករបរទេស ៨រូបទៀត រួមមាន Park Yi-young, Rick Ketting, Raul Feher, Makerlo Tellez, Maksym Pryadun, Moses Dyer, Seo-In Kim និង Breno Caetano។

ការពង្រឹង​ក្រុម​ជាមួយកីឡាករបរទេសដែលមានគុណភាពជាច្រើននេះ ច្បាស់ណាស់​ភ្នំពេញ​ក្រោន ​កំពុងមានមហិច្ឆតាខ្ពស់ ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ AFC Challenge League 2025/26 ពិសេសការត្រៀមជួបក្រុមរួមជាតិ ព្រះខ័នរាជស្វាយរៀង នៅក្នុងវគ្គ ៨ក្រុម​ចុង​ក្រោយ​ចំនួន​ ២ជើង នាថ្ងៃទី៥ និងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ដែលធ្វើ​ឲ្យ​អ្នក​គាំទ្រ​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍ និងទន្ទឹងរង់ចាំការប្រកួតដ៏អស្ចារ្យនេះផងដែរ៕ អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia