Connect with us

ព័ត៌មាន

ក្រសួងអប់រំ កំពុងជំរុញការរៀបចំសាលារៀននៅជំរំក្នុងខេត្តបន្ទាយមានជ័យ និង​ស្តារ​សាលា​រៀន​ឡើង​វិញ ដើម្បីធានាបានថាការអប់រំនៅ​តែបន្តសម្រាប់​សិស្សនៅ​ព្រំដែន​ដែល​រងគ្រោះ​ដោយ​សង្រ្គាម​ថៃ​ឈ្លានពាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំ​កិច្ច​ប្រជុំ​ស្តីពី ​”ការរៀបចំសាលារៀននៅជំរំក្នុងខេត្តបន្ទាយមានជ័យ” ដោយមានការចូលរួម​ពីសំណាក់​ឯកឧត្តម​លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

មុនឈានចូលដល់កិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើផែនការរៀបចំសាលារៀន​ក្នុងជំរំ​ខេត្ត​បន្ទាយ​មាន​ជ័យនា​ពេលនេះក្រុ​មការងារ​ជំនាញ​ក្រោម​ឱវាទ​ក្រសួង​បាន​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​ជាក់​ស្ដែង និងជួបសម្ភាសន៍ជាមួយគណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធ​តាម​រយៈ​កម្រងសំណួរសម្ភាសន៍ ថតផ្តិតយករូបភាពសំខាន់ៗ និងរៀបចំ​របាយការណ៍​ជូន​ថ្នាក់ដឹក​នាំក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចប្រជុំបានពិនិត្យពិភាក្សាលម្អិតលើរបាយការណ៍នៃការខូចខាតក្រោយសង្គ្រាមជាមួយយោធាថៃ និងតម្រូវការជាក់ស្តែងដើម្បីរៀបចំសាលារៀននៅជំរំ និងបាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ប្រមូល​ធាតុ​ចូល​ដើម្បី​កែលម្អលើគម្រោងផែនការសាងសង់​សាលារៀ​ន​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ជំរំ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ និងការសាងសង់​កន្លែង​ប្រើប្រាស់​បណ្ដោះអា​សន្ន​ដើ​ម្បី​សម្រួល​ដល់​ដំណើរ​ការរៀន និង​បង្រៀនអំឡុងពេលសាងសង់អគារសិក្សាស្តង់ដារឹងមាំ។

បន្ទាប់ពីបទ​បង្ហាញស្តីពីការរៀបចំសាលារៀននៅជំរំខេត្តបន្ទាយមានជ័យនិងកិច្ចពិភាក្សារួចមក ឯកឧត្តម​បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗដូចខាងក្រោម៖

-រៀបចំបង្កើតគណៈកម្មាធិការក្រុមការងារចំពោះកិច្ចដើម្បីជំរុញការងារនេះដោយរក្សារចនាសម្ព័ន្ធសាលារៀនគោលដៅនៅដដែល

-ត្រូវបន្តយកចិត្តទុកដាក់លើកទឹកចិត្តនាយកនាយិកាសាលា និងលោកគ្រូអ្នកគ្រូនៅតំបន់ដែលរងផលប៉ះពាល់ដោយគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តតាមដានសភាពការណ៍បច្ចុប្បន្នភាពនៅតំបន់ព្រំដែន និងបន្តពង្រឹងកិច្ចសហការគ្នាឱ្យបានល្អប្រសើរ

-ពាក់ព័ន្ធនឹងការផ្លាស់ប្តូរទីតាំងនៃការសាងសង់សាលារៀនសូមក្រុមការងារជំនាញសិក្សាឱ្យបានច្បាស់លាស់ពីចំនួនសិស្សនិងទំហំនៃការវិនិយោគឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផល

-ត្រូវចុះពិនិត្យផ្ទាល់ដល់ទីតាំងថ្មីដោយសហការឱ្យបានល្អជាមួយមន្ទីរអប់រំ យុវជន កីឡាខេត្ត អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយនានាដែលបានចូលរួមចំណែកក្នុងគម្រោងជួសជុលនិងសាងសង់សាលារៀនដែលខូចខាតឡើងវិញ។

ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននៅតាមតំបន់ព្រំដែនជាមួយប្រទេសថៃ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំផែនការស្តារសាលារៀនឡើងវិញដោយបែងចែកជាតំបន់ដែលនៅមានការហ៊ុមព័ទ្ធដោយយោធាថៃជាតំបន់ក្រហម និងតំបន់ផ្សេងៗទៀតដែលអាចចាប់ផ្តើមចូលទៅរៀបចំ និងស្តារឡើងវិញបានជាបណ្តើរៗដើម្បីធានាបានថាការអប់រំនៅតែបន្ត ជាពិសេសក្រសួងមានបំណងយកឱកាសនេះដែរដើម្បីអភិវឌ្ឍសាលារៀននៅតាមតំបន់ព្រំដែនឱ្យរឹងមាំ និងល្អប្រសើរសម្រាប់ប្រើប្រាស់យូរអង្វែង ស្របតាមផែនការយុទ្ធសាស្ត្រអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia