ព័ត៌មាន
ឧស្សាហកម្មកៅស៊ូកម្ពុជា រីកចម្រើនលឿននាំឱ្យតម្រូវការផ្គត់ផ្គងកៅស៊ូក្នុងស្រុកកើនឡើងខ្ពស់ចន្លោះពី ២០ទៅ២៥ម៉ឺនតោនក្នុងមួយឆ្នាំ
ភ្នំពេញ៖ ឧស្សាហកម្មកៅស៊ូរបស់កម្ពុជា គឺជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងផ្ទៃដីដាំដុះជិតកន្លះលានហិកតា កំពុងផលិតកៅស៊ូដែលមានគុណភាព ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ។ រោងចក្រផលិតសំបកកង់រថយន្តជាប្រភពមានតម្រូវការផ្គត់ផ្គង់ជ័រកៅស៊ូក្នុងស្រុកដ៏សំខាន់ក្នុងចន្លោះពី ២០ ទៅ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានឱ្យដឹងថា សព្វថ្ងៃប្រទេសកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តយ៉ាងតិច ៦ កំពុងប្រតិបត្តិការខ្សែច្រវ៉ាក់ផលិតកម្ម។ ក្នុងនោះរោងចក្រផលិតសំបកកង់រថយន្តម៉ាក សៃលុន ជារោងចក្រធំជាងគេ ដែលមានសមត្ថភាពផលិតរហូត២២លានគ្រាប់ក្នុងមួយឆ្នាំ។
លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខសំបកកង់រថយន្ត សៃលុន នៅក្នុងស្រុក បានប្រាប់ BTV ថា រោងចក្ររបស់លោក បានស្រូបទាញជ័រកៅស៊ូក្នុងស្រុកកើនឡើងជាលំដាប់ គឺកើនពី ៥ម៉ឺនតោនក្នុងឆ្នាំ២០២៤ ដល់ ១៥ម៉ឺនតោននៅក្នុងឆ្នាំ២០២៦នេះ។

លោកអះអាងថា ដោយសារ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងគោលនយោបាយល្អរបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តដល់វិស័យឯកជន ទើបរោងចក្ររបស់លោកបានសម្រេចបង្កើតរោងចក្រនៅកម្ពុជារហូតដល់បីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ក្រុងស្វាយរៀង ដែលកំពុងផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ ៤ ៥០០នាក់។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានបញ្ជាក់ថា ដោយសារគោលនយោបាយគាំពាររបស់រដ្ឋាភិបាល ទៅលើអ្នកវិនិយោគ ដែលមកផលិតកែច្នៃ ផលិតផលសម្រេចនៅក្នុងស្រុក ទើបនាំកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៧ហើយ។ ក្នុងនោះ កំពុងដំណើរការចំនួន៦។ លោកជឿថា ដោយសារវត្តមានរោងចក្រផលិតសំបកកង់រថយន្តកាន់តែច្រើន ផ្ទៃដីដាំដុះកៅស៊ូនឹងកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលពីបីឆ្នាំមុខនេះ។

ស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បង្ហាញថា នៅក្នុងឆ្នាំ ២០២៥ ការនាំចេញផលិតផលសំបកកង់រថយន្តដែលជាផលិតផលថ្មីមួយរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានក្នុងទំហំទឹកប្រាក់ ១,៣៨ ពាន់លានដុល្លារអាម៉េរិក កើនឡើង ៥៧,៨៦% បើធៀបនឹងឆ្នាំ ២០២៤។ ក្នុងឆ្នាំ ២០២៥ តម្លៃជ័រកៅស៊ូជាមធ្យមលក់ចេញ ១ ៧៥៦ ដុល្លារ ក្នុងមួយតោន កើនឡើង ៦៣ ដុល្លារ ស្មើនឹង ៣% ធៀបនឹងឆ្នាំ ២០២៤៕ អត្ថបទ៖ ធូ វិរៈ




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត