ព័ត៌មាន
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លក់ទឹកបោះដុំឲ្យប្រតិបត្តិករឯកជន ដើម្បីរួមគ្នាអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច
ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះកិច្ចព្រមព្រៀងលក់ទឹកបោះដុំ ជាទឹកស្អាតដែលមានគុណភាព ឱ្យប្រតិបត្តិករឯកជនបែកចាន ដើម្បី ចែកចាយបន្ត ចូលរួមចំណែកលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ជាពិសេសការផ្តល់ទឹកស្អាតដល់រោងចក្រ សហគ្រាស បម្រើក្នុងអាជីវកម្ម និងក៏ការទាក់ទាញវិនិយោគិនមកបណ្តាក់នៅតំបន់នោះបន្ថែម។
ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងកិច្ច សម្ភាសន៍ ស្តីពីការលក់ទឹកបោះដុំ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងពិធីបិទសន្និបាតលទ្ធផលការងារអាជីវកម្មប៉ាន់ស្មានឆ្នាំ២០២៥ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ជុំវិញការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បច្ចុប្បន្នមានសមត្ថភាពផលិតសរុប ប្រមាណក្នុងរង្វង់ ១ លានម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈការចែកចាយប្រចាំថ្ងៃក្នុងរង្វង់ ៩០ ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ នៅសល់ ១០ ម៉ឺនម៉ែត្រ គូប ដែលរដ្ឋាករទឹកបាននិងកំពុងគិតគូរលក់ជូនដល់ប្រតិបត្តិករបែកចាន។
ឯកឧត្តមប្រតិភូ បន្តថា ជុំវិញការលក់ទឹកបោះដុំនេះ កន្លងមករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការផ្គត់ផ្គង់ទឹកស្អាតដុំ រវាងរដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាតឯកជនអញ្ជាញ ស្ថិតនៅ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ចំណែកការចុះហត្ថលេខាជាមួយប្រតិបត្តិករទឹកស្អាតឯកជនបែកចាន នេះគឺជាលើកទី២ ដើម្បីយកទៅ ចែកជូននៅក្នុងតំបន់របស់ខ្លួន ខណៈដែលពួកគាត់មានរោងចក្រ និងបណ្តាញទឹកស្អាតរួចជាស្រាច់ នេះគឺជាការចូលរួមចំណែកលើក កម្ពស់សុខភាពប្រជាពលរដ្ឋ ជាពិសេសការផ្តល់ទឹកស្អាតដល់រោងចក្រ សហគ្រាស បម្រើក្នុងអាជីវកម្មនៅក្នុង តំបន់ទាំងនោះឱ្យកាន់តែ ប្រសើរ និងតាមរយៈនេះផងដែរ ក៏ការទាក់ទាញវិនិយោគិនមកបណ្តាក់នៅតំបន់នោះបន្ថែមទៀត ព្រោះថា មានទឹក មានភ្លើង និងមានផ្លូវ គឺមានការអភិវឌ្ឍ។
សូមបញ្ជាក់ថា សម្រាប់នីតិកាលទី៧នេះ តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, រាជរដ្ឋាភិបាលបានកំណត់យកអាទិភាព គន្លឹះ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដោយបានបន្ថែម «បច្ចេកវិទ្យា» ទៅក្នុងអាទិភាពគន្លឹះទី ៥ ហើយ «ទឹក» ត្រូវបានរំកិល មកជាអាទិភាពទី៣។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបន្តតួនាទីជាយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទឹក ស្អាត ព្រមទាំងបន្តអនុវត្តគោលនយោបាយ លើកទឹកចិត្តដល់វិស័យឯកជន ក្នុងការចូលរួមវិនិយោគលើវិស័យទឹកស្អាត ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋជាទូទៅ និងការផ្គត់ផ្គង់ទឹកស្អាតក្នុងភូមិសាស្ត្រអាទិភាពដូចជា តំបន់សេដ្ឋកិច្ចពិសេស, សួនបណ្ដុំ សហគ្រាសធុនតូច និងមធ្យម និងតំបន់ប៉ូលសេដ្ឋកិច្ច នៅបណ្តារាជធានីខេត្តជាដើម ដែលជាកត្តាចាំបាច់ក្នុងការរួមចំណែកជំរុញកំណើន សេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត