ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសជាង៤គីឡូម៉ែត្រ នៅតំបន់ដីសម្បទានសង្គមកិច្ច ស្រុកពញាក្រែក
ត្បូងឃ្មុំ៖ ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ មាន ៨កំណាត់ ប្រវែង ៤,៣៦៥ម ទទឹង ៨ម កម្រាស់ ០,២ម សាងសង់លូមូលមុខមួយចំនួន ១៤កន្លែង ផ្លាកសញ្ញាចរាចរណ៍ចំនួន ៤៨ផ្លាក និងផ្លាកឈ្មោះផ្លូវចំនួន ១កន្លែង ស្ថិតនៅគម្រោងដីសម្បទានសង្គមកិច្ច ក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នាឱកាសនោះ ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបានលើកឡើងថា ការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធជនបទ ឱ្យកាន់តែរីកចម្រើន គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលផ្ដោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ។
ពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលដីល្បាយក្រួស១ ខ្សែ នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលនឹងលេចរូបរាងឡើង ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្អូនប្រជាពលរដ្ឋបានស្នើសុំនាពេលកន្លងមក ដែលក្រសួងអភិវឌ្ឍន៍ជនបទ មានកិច្ចសម្របសម្រួលពីមន្ទីរអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ បានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ដើម្បីធ្វើឳ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងមូលដ្ឋានគម្រោងដីសម្បទានសង្គមកិច្ច ក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ជាពិសេសក្នុងការដោះស្រាយ និងឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានតម្រូវការក្នុងការប្រើប្រាស់ផ្លូវមួយខ្សែនេះ ។ ខណៈគម្រោងស្ថាបនានេះ មិនមែនជាគម្រោងចុងក្រោយនោះទេ វាជាជំហានបឋមដែលយើងនឹងត្រូវខិតខំប្រែក្លាយពីផ្លូវដី មកជាផ្លូវក្រាលល្បាយក្រួស ហើយទៅថ្ងៃខាងមុខ យើងនឹងបន្តប្រែក្លាយទៅជាផ្លូវចាក់បេតុង ឬកៅស៊ូតែម្ដង ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ និងការដឹកជញ្ជូនដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិ។ ក្នុងនោះឯកឧត្តមបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យដំណើរការស្ថាបនាប្រព្រឹត្តទៅដោយជោគជ័យតាមផែនការ និងត្រូវរួមគ្នាថែរក្សាសមិទ្ធផលនេះ ឱ្យបានគង់វង្សសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ។
ចំពោះបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវមានទំនុកចិត្ត និងជឿជាក់លើរាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដើម្បីការពារអធិបតេយ្យភាពជាតិ និងរក្សាបាននូវកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣