ព័ត៌មាន
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងចុះពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋនៅស្រុកមេមត់ រយៈពេលបីថ្ងៃ
បេសកកម្មមនុស្សធម៌ដ៏ធំមួយបានធ្វើឡើងរយៈពេល ៣ថ្ងៃ ដើម្បីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំចាន់មូល និងឃុំដារ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានបញ្ចប់ដោយជោគជ័យនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមស្មារតី ខ្មែរស្រឡាញ់ខ្មែរ និងការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា។
បេសកកម្មនេះ ដឹកនាំដោយឯកឧត្តម ស៊ាក ឡេង សមាជិក ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ រួមជាមួយលោក ស្រេង លី អភិបាលនៃគណៈអភិបាលស្រុកមេមត់ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា (AMH) មកពីប្រទេសបារាំង។
ជាលទ្ធផលនៃការពិនិត្យ និងព្យាបាលជំងឺ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ក្រុមគ្រូពេទ្យបានចុះជួយពិនិត្យដោយផ្ទាល់ នៅឃុំចាន់មូល និងឃុំដារ ក្នុងស្រុកមេមត់ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយនៅឃុំចាន់មូល ព្យាបាលបានចំនួន ២២៨នាក់ មនុស្សចាស់ ២១៧នាក់ និងកុមារ ១១នាក់ នៅនៅឃុំដារ ព្យាបាលបានចំនួន ១៥៧នាក់ មនុស្សចាស់ ១៥១នាក់ និងកុមារ ៦នាក់ ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ស៊ាក ឡេង បានពាំនាំការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរខេត្ត មន្ត្រីរាជការ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទាំងអស់ និងបានលើកឡើងថា ការចុះពិនិត្យ និងព្យាបាលនេះ ធ្វើឡើងដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះនៃសុភមង្គលគ្រួសារ និងសង្គម។
ជាមួយគ្នានោះឯកឧត្តម ស៊ាក ឡេង ក៏បានសម្តែងការដឹងគុណចំពោះវិរកងទ័ព ដែលការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ពីការឃ្លានពានរបស់ប្រទេសថៃ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរមូលដ្ឋាន ទាំងថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលបានបរិច្ចាគធនធានជួយដល់សមរភូមិមុខ ក្នុងនាមជាកម្លាំងសាមគ្គីភាពដ៏រឹងមាំ។ ក្នុងនោះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែជឿជាក់លើរាជរដ្ឋាភិបាល ក្រោមយុទ្ធសាស្ត្រ ស្ងាត់តែមិនស្ងៀម ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ៕ដោយ ៖ សេងឡុង




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣