ព័ត៌មាន
បេសកកម្មនៅអាមេរិកសម្ដេចធិបតី បានបង្ហាញអំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសបំពេញបេសកកម្មចូលរួម «កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព» នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងតាមរយៈជំនួបនានាជាមួយឥស្សជនជាន់ខ្ពស់អាមេរិក និងបណ្ដាប្រទេសជាមិត្តនានា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញអំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា។
ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ ការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា កិច្ចព្រមព្រៀង ដែលមានស្រាប់ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅផ្ទះសម្បែង និងរស់នៅដោយសុវត្ថិភាព និងការមិនគំរាម ឬប្រើប្រាស់កម្លាំង។
សូមជម្រាបថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ រដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម «កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព» ក្រោមអធិបតីភាពឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងជាប្រធានក្រុមប្រឹក្សាសន្តិភាព។
ស្របពេលនឹងកិច្ចប្រជុំខាងលើសម្តេចធិបតីនាយករដ្ឋមន្ត្រីបានផ្លាស់ប្តូរទស្សនៈជាមួយ ឯកឧត្តម Viktor Orbán នាយករដ្ឋមន្ត្រីហុងគ្រីលើបញ្ហាដែលជាចំណាប់អារម្មណ៍រួម។ ភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មី ជាពិសេស ខណៈកម្ពុជា និងហុងគ្រីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំនេះ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីក៏បានជួបពិភាក្សាជាមួយឯកឧត្តម Prabowo Subianto ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម តូ ឡាំ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំដទៃទៀត។
ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្ដេចធិបតី បានជួបពិភាក្សាការងារជាមួយ ឥស្សរជនជាន់ខ្ពស់នៃរដ្ឋបាលសហរដ្ឋអាមេរិកមួយចំនួន។ ក្នុងជំនួបជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (US Trade Representative) ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិកឱ្យកាន់តែរីកចម្រើនជាលំដាប់ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ដែលពាណិជ្ជកម្មទ្វេភាគីបានកើនដល់២៩%នៅឆ្នាំ២០២៥ ហើយការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។
ក្នុងជំនួបជាមួយឯកឧត្តម Christoper Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ភាគីទាំងពីរបានស្វាគមន៍ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងបានពិភាក្សាលើបញ្ហាដែលជាចំណាប់អារម្មណ៍រួម រួមមានការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ និងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ ឯកឧត្តម Christoper Landau បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់កម្ពុជា ចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់សន្តិភាពនៅតំបន់ហ្គាហ្សា និងតំបន់ដទៃទៀត។
ក្នុងជំនួបជាមួយឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក និងឯកឧត្តម Andrew Collison Baker អនុទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិក ភាគីទាំងពីរបានកត់សម្គាល់ពីដំណើរវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ដែលឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់នាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក ទស្សនកិច្ចរបស់នាវា USS Cincinnati នៅមូលដ្ឋានសមុទ្ររាម និងការលុបចោលបម្រាមលក់សព្វាវុធ ដល់កម្ពុជា។ ភាគីទាំងពីរបានពិភាក្សារិះរកមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងការរៀបចំសមយុទ្ធយោធារួមគ្នាឡើងវិញ ជាពិសេសសមយុទ្ធឆ្មាំអង្គរនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។
បន្ថែមលើនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានទទួលជំនួបសម្តែងការគួរសមពីឯកឧត្តម Hakan Fidan រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋតួកគីយ៉េ។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហា ដែលជាចំណាប់អារម្មណ៍រួម និងបានពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យនានាដើម្បីជាប្រយោជន៍របស់ប្រជាជន និងប្រជាជាតិទាំងពីរ។ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។
សម្តេចធិបតី នាយករដ្ឋមន្ត្រីក៏បានទទួលជំនួបសម្តែងការគួរសមពីតំណាងស្ថាប័នអន្តរជាតិ រួមមាន Atlantic Council ដឹកនាំដោយនាយឧត្តមសេនីយ៍ Jim Jones និងឯកឧត្តម Federick Kempe ប្រធាន និងជានាយកប្រតិបត្តិនៃ Atlantic Council។ បន្ថែមលើនេះសម្តេចធិបតីនាយករដ្ឋមន្ត្រីបានផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានអន្តរជាតិល្បីៗ រួមមាន Reuters និង Fox News ៕





-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន4 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន1 week agoគ.ជ.ប.ជ ដាក់ឲ្យដំណើរការក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកបទពិសោធន៍លើការងារប្រឆាំងអំពើជួញដូរមនុស្ស
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន3 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន1 week agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ