ព័ត៌មាន
បណ្តាអង្គទូត និងទីភ្នាក់ងារបរទេសចំនួន២១ស្ថាប័ន ចុះពិនិត្យជាក់ស្ដែងនៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសនៅភូមិជោគជ័យ និងសួរសុខទុក្ខជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី
បន្ទាយមានជ័យ៖ បណ្ដាអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជាសរុប ២១ ស្ថាប័ន បានទៅពិនិត្យជាក់ស្ដែងផ្ទាល់នៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជា ក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកងទ័ពថៃរាយបន្លាលួស និងដាក់ទូកុងតឺន័រឈ្លានពានចូលដែនអធិបតេយ្យភាពកម្ពុជា និងសួរសុខទុក្ខជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ដំណើរចុះពិនិត្យផ្ទាល់នេះ បានដឹកនាំដោយ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងដំណើរចុះពិនិត្យមើលស្ថានការណ៍ព្រំដែននេះ បណ្ដាអង្គទូត និងអង្គការអន្តរជាតិទាំងអស់ក៏បានពិនិត្យមើលដោយផ្ទាល់ តំបន់មួយចំនួននៅព្រំដែន ជាពិសេសតំបន់ដែកយោធាថៃឈ្លានពានចូលក្នុងដែនអធិបតេយ្យភាពកម្ពុជា ដាក់ទូរកុងតឺន័រ និងបន្លាលួស ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងភាគីទាំងពីរ កម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ខណៈសកម្មភាពដាក់ទូរកុងតឺន័រ និងបន្លាលួសពីសំណាក់ក្រុមយោធាថៃបានធ្វើឱ្យជនស៊ីវិលកម្ពុជារាប់ពាន់គ្រួសារមិនទាន់អាចត្រឡប់ចូលទៅផ្ទះសម្បែងវិញ និងបន្តស្នាក់នៅមណ្ឌលជនភៀសឹកនៅឡើយ។
បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា បច្ចុប្បន្ន មានជនភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅវត្តចាន់ស៊ីសាមគ្គីរតនារាម ដែលជាជនស៊ីវិលស្លូតត្រង់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង បន្ទាប់ពីយោធាថៃ បើកការបាញ់ប្រហារមកលើជនស៊ីវិល ដោយគ្មានមូលហេតុ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានជនភៀស សឹកសរុប ១ ២៤៨ គ្រួសារ។
សូមរម្លឹកថា បើទោះជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ហើយដែលភាគីទាំងពីរបានឯកភាពគ្នា ជាពិសេសក្នុងចំណុចទី៤ ដែលបានចែងថា «ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន»។ ផ្ទុយទៅវិញកងកម្លាំងឈ្លានពានថៃ បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត តាមរយៈការរាយបន្លលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ។
សូមជម្រាបថា បណ្ដាអង្គទូត និងអង្គការអន្តរជាតិនានាក៏នឹងអញ្ជើញទៅទស្សនាផ្ទាំងរូបគំនូរសិល្បៈដើម្បីសន្តិភាព នៅកណ្តាលក្រុងសៀមរាប ខេត្តសៀមរាប ដែលផ្ទាំងរូបគំនូរនេះ គឺតាំងបង្ហាញពីការពិត និងការឈឺចាប់នៃសង្គ្រាម ដោយការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបេតយ្យកម្ពុជា។
បណ្ដាអង្គទូត និងអង្គការអន្តរជាតិ ទាំងនោះ រួមមាន សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, EU, អាល្លឺម៉ង់, រុស្ស៊ី, ឆេក, កាណាដា, តួគី, ឥណ្ឌា,ប៉ាគីស្ថាន, ជប៉ុន, សិង្ហបុរី, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន,មីយ៉ាន់ម៉ា(ភូមា) ប្រុយណេ, ទីម័រ និងឡាវ ព្រមទាំង អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (FAO) និង អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា(IOM)៕ អត្ថបទ៖ ធូ វិរៈ










-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន4 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន3 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន1 day agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 week agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ
-
ព័ត៌មាន6 days agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ