ព័ត៌មាន
មួយឆ្នាំ២០២៥ មនី្ទរពេទ្យកុមារជាតិមានស្រី្តមកពិនិត្យផ្ទៃពោះជាង ១,៤ ម៉ឺននាក់ និងសម្រាលជិត៣ពាន់នាក់
ភ្នំពេញ ៖ នាយកមនី្ទរពេទ្យកុមារជាតិ លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស បានលើកឡើងថា ក្នុងឆ្នាំ២០២៥កន្លងមកនេះ ស្រី្តមកពិនិត្យផ្ទៃពោះ មានចំនួន ១៤,៨០១នាក់ ស្រី្តដែលមកសម្រាល សរុបចំនួន២,៨៩២នាក់។
ការលើកឡើងរបស់លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស យ៉ាងដូច្នេះ នាឱកាសដែលលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាល សួរសុខទុក្ខស្រ្តីមានផ្ទៃពោះ និងសម្រាលកូន នៅមន្ទីរពេទ្យកុមារជាតិ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ, នាព្រឹកថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៦នេះ។
លោកនាយកមនី្ទរពេទ្យកុមារជាតិ បន្តថា មន្ទីរពេទ្យកុមារជាតិ បច្ចុប្បន្នជាគ្រឹះស្ថានសាធារណរដ្ឋបាល មានភារកិច្ច ពិនិត្យ ព្យាបាលថែទាំជំងឺ និងការពារកុមារ ចាប់ពីពេលនៅក្នុងផ្ទៃម្តាយ ពេលកើតរហូត ដល់អាយុ១៨ឆ្នាំ គ្រប់ស្រទាប់ វណ្ណៈ មិនរើសអើងអ្នកមាន ឬ អ្នកក្រ មិនប្រកាន់ពូជសាសន៍ សាសនា មិនប្រកាន់និន្ទាការ នយោបាយ។ ដោយពិនិត្យឃើញថាមានទារកដែលទើបនឹងកើតមកមានបញ្ហាសុខភាព ត្រូវបញ្ជូនមកមន្ទីរពេទ្យកុមារជាតិ ដើម្បីព្យាបាល ហើយពេលបញ្ជូនមកមន្ទីរពេទ្យមានការយឺតយ៉ាវធ្វើឱ្យស្ថានភាពទារកកាន់តែធ្ងន់ធ្ងរ ឬបាត់បង់ជីវិតមុនពេលបញ្ជូនដល់មន្ទីរពេទ្យ។ ដូចនេះទើបមន្ទីរពេទ្យកុមារជាតិ បានស្នើសុំក្រសួងសុខាភិបាលក្នុងការរៀបចំផ្នែកសម្ភពនេះឡើង និងបានរៀបចំបើកដំណើការបណ្តោះអាសន្នផ្នែកសម្ភព នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ និងបានសម្ពោធបើកឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដើម្បីជួយពិនិត្យ ព្យាបាលដល់ស្រ្តី និងស្រ្តីមានផ្ទៃពោះ និងជួយថែទាំទារកទើបនឹងកើតមកមានបញ្ហាសុខភាព មានភាពងាយស្រួលក្នុងជួយសង្គ្រោះ និងការចូលរួមការកាត់បន្ថយអត្រាមរណភាពទារកផងដែរ។
លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ភ្ជាប់មកនូវសារអំពាវនាវថាទោះក្នុងកាលៈទេសៈណាក៏ដោយសូមពង្រឹងការប្តេជ្ញាចិត្ត និងធ្វើសកម្មភាពរួមគ្នា ក្នុងការលើកកម្ពស់ការយល់ដឹងដល់ការថែទាំមុនសម្រាល និងការពិនិត្យសុខភាពទាំងម្តាយ និងកូនក្នុងផ្ទៃជាប្រចាំ ដែលជាអន្តរាគមន៍ធានាសុវត្ថិភាពទាំងម្តាយនិងកូនថែមទាំងចូលរួមផ្តល់ការគាំទ្រអាហារូបត្ថម្ភ លើកកម្ពស់សុខភាពផ្លូវចិត្ត និងរៀបចំគ្រួសារសម្រាប់ការសម្រាលកូនដោយសុវត្ថិភាព៕
អត្ថបទ រដ្ឋា




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត