ព័ត៌មាន
អនុប្រធានទី១ អាជ្ញាធរមីន៖ «ការបោសសម្អាតមីនមានន័យថាការស្តារជីវភាពរស់នៅ ការស្តារជីវភាពរស់នៅមានន័យថាការការពារសេចក្តីថ្លៃថ្នូរ»
ពោធិ៍សាត់៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ក្រោមប្រធានបទ “ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព”។ ពិធីនោះ មានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា តំណាងក្រសួង-ស្ថាប័ន ប្រតិបត្តិករសកម្មភាពមីន មន្ទីរពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិនិងអន្តរជាតិ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងអស់ ព្រមទាំងថ្លែងអំណរគុណជូនចំពោះរដ្ឋបាលខេត្តពោធិ៍សាត់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ។
ក្នុងពិធីប្រារព្ធនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការប្រារព្ធទិវាយល់ដឹងពីមីន មិនមែនត្រឹមតែជាថ្ងៃដែលរំលឹកឡើងវិញនោះទេ តែជាថ្ងៃដែលបង្ហាញជាថ្មីនូវទំនួលខុសត្រូវ និងការប្តេជ្ញាចិត្តរបស់ជាតិ ហើយទិវាជាតិយល់ដឹងអំពីមីន ក៏ជាការផ្ញើសារដល់ប្រជាពលរដ្ឋគ្រប់រូបថា គ្រោះថ្នាក់នៅតែបន្តមាន ហើយការយល់ដឹងអំពីគ្រោះថ្នាក់ទាំងនោះ នឹងជួយសង្គ្រោះអាយុជីវិត។ ស្ថិតក្នុងបរិបទនេះ រាជរដ្ឋាភិបាល នៅតែបន្តចាត់ទុកសកម្មភាពមីន ជាសសរស្តម្ភនៃសន្តិភាព សន្តិសុខមនុស្ស និងការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម លី ធុជ ក៏បានគូសបញ្ជាក់ទៀតថា ការបោសសម្អាតមីន មានន័យថាការស្តារជីវភាពរស់នៅ។ ការស្តារជីវភាពរស់នៅ មានន័យថាការការពារសេចក្តីថ្លៃថ្នូរ។ សកម្មភាពមីន មិនមែនត្រឹមតែជាការបោសសម្អាតមីននោះទេ តែត្រូវបន្តស្តារនីតិសម្បទា ធានាបរិយាបន្ន និងគាំទ្រដល់ការរស់នៅ និងការចូលរួមពេញលេញក្នុងសង្គមរបស់ជនរងគ្រោះ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ បណ្តាអង្គការជាតិនិងអន្តរជាតិ និងប្រតិបត្តិករសកម្មភាពមីន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដែលបាន និងកំពុងគាំទ្រយ៉ាងសកម្មដល់បេសកកម្មមនុស្សធម៌នេះ និងលើកកម្ពស់សុវត្ថិភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម លី ធុជ បានចាត់ទុកការគាំទ្រនេះ បានប្រែក្លាយដីដែលធ្លាប់រងផលប៉ះពាល់ ទៅជាដីដែលពោពេញដោយឱកាស សម្រាប់ប្រជាជនកម្ពុជា។
ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន បន្តជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីឆ្ពោះទៅរកគោលដៅកម្ពុជាគ្មានមីន និងមានសុវត្ថិភាពពេញលេញ។ ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្តឱ្យបន្តរួមគ្នា ដើម្បីសម្រេចបាននូវសង្គមមួយដែលជនភៀសសឹក និងសហគមន៍ទាំងអស់ រស់នៅដោយសុវត្ថិភាព គ្មានការភ័យខ្លាចពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕





-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន5 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន1 week agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ