ព័ត៌មាន
ឈរលើមាគ៌ាសន្តិភាព រដ្ឋសភាកម្ពុជា និងបារំាង ពង្រឹងកិច្ចសហប្រតិបត្តិការកាន់ស៊ីជម្រៅសកម្មបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនប្រជាពលរដ្ឋ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ថូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា បានឯកភាពនៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនពលរដ្ឋ។ ជាមួយគ្នានេះ ភាគីទំាងពីរ បានវាយមត្លៃខ្ពស់ចំពោះតម្លៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

តមតាមការអញ្ជើញរបស់ សម្តេចប្រធានរដ្ឋសភា ឯកឧត្ដម ថូម៉ាស់ ឡាំ បានដឹកនាំគណៈប្រតិភូរដ្ឋសភាបារំាង មកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៦ និងបានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចប្រធានរដ្ឋសភា នៅថ្ងៃទី២៤ ខែកុម្ភៈ២០២៦ នេះ នៅវិមានរដ្ឋសភា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់គណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ដឹកនាំដោយ ឯកឧត្តម តូម៉ាស ឡាំ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជានាឱកាសនេះ។ ដំណើរទស្សនកិច្ចនេះ ជាទំព័រប្រវត្តិសាស្រ្តថ្មីមួយ នៅក្នុងការរឹតចំណងមិត្តភាពជាប្រវត្តិសាស្រ្តរវាងកម្ពុជា-បារំាង ដែលមានតំាងពីយូរមកឱ្យកាន់រឹងមាំថែមទៀត។ សម្តេចបានគូសបញ្ជាក់ថាបារំាងជាមិត្តចាស់ មិត្តដែលទុកចិត្ត ជឿជាក់ និងបានផ្តល់ផលប្រយោជន៏ទៅវិញទៅមក។

ទំនាក់ទំនងកម្ពុជា-បារំាង ពូនជ្រំដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់។ តាមរយៈព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលសម្តេចនៅជានាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីឆ្នាំកន្លងទៅ នៅសាធារណរដ្ឋបារំាង និងដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភាផ្ទាល់កាលពីចុងឆ្នាំ២០២៥នេះ ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនិតិប្រតិបត្តិ។
ឯកឧត្តម ថូម៉ាស់ ឡាំ បានអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាកម្ពុជា ដែលបានរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាប្រទេសបារំាងនាឱកាសនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចនេះ នឹងជាផ្នែកសំខាន់នៅក្នុងជំរុញចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើងបន្ថែមទៀត។ ជាមួយគ្នានេះដំណើរទស្សនកិច្ចនេះក៏ជាផ្នែកមួយដើម្បីធ្វើយ៉ាងឱ្យការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក៏ដូចជាដំណើរទស្សនកិច្ចរបស់ ឯកឧត្តមប្រធានាធិបតីបារំាង អេម៉ានុយអែល ម៉ាក្រុង (President Emmanuel Macron)នៅកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ឱ្យទទួលបានលទ្ធផលជាទីគាប់ចិត្ត។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្រុមមិត្តភាពបារាំង-កម្ពុជា បានដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ កម្ពុជាបានផ្តល់តម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលមិនត្រឹមជាវេទិកាសម្រាប់ភាសាបារំាងប៉ុណ្ណោះទេ តែជាកិច្ចសន្ទនា ប្រមូលផ្តុំថ្នាក់ដឹកនាំកំពូលៗជាច្រើន ដើម្បីដោះស្រាយបញ្ហារួមរបស់ពលរដ្ឋ។ វេទិកាសំខាន់នេះជាផ្នែកសំខាន់នៅក្នុងការពង្រឹងសុខសន្តិភាព គោលការណ៍ពហុនិយម របស់សកលលោកដែលកំពុងធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់សាធារណរដ្ឋបារំាង ដែលបានចូលរួមចំណែក ស្វែងរកសន្តិភាពនៅកម្ពុជានិងបានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងការដំណើរកសាងនិងអភិវឌ្ឍន៍នៅកម្ពុជារហូតមក។ សម្តេចក៏បានអរគុណសមាជិករដ្ឋសភាបារំាង និងក្រុមមិត្តភាពបារាំង-កម្ពុជា ដែលបានចេញញត្តិគំាទ្រកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងបានជំរុញឱ្យប្រទេសទំាងពីរអនុវត្តឱ្យមានប្រសិទ្ធិភាពឈានឆ្ពោះទៅការបញ្ចប់ជម្លោះដោយសន្តិវិធី។ ញត្តិគំាទ្រនោះ បានឆ្លុះបញ្ចំាងឱ្យពិភពលោកបានដឹងថាភាគីណាជាជនរងគ្រោះនិងភាគីណាជាអ្នកឈ្លានពាន។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាកម្ពុជាជាប្រទេសតូចនិងជាប្រទេសឆ្លងកាត់សង្រ្គាម ត្រូវការសន្តិភាពមិនត្រូវការសង្រ្គាមនោះទេ។ សច្ចភាពបានផ្តល់ឱ្យកម្ពុជានៅពេលនេះ តាមរយៈដំណើរទស្សនកិច្ចផ្លូវការនិងជាប្រវត្តិសាស្រ្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពេលចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលបានប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក និងបានបង្ហាញឱ្យពិភពលោកបានដឹងពីការរងគ្រោះរបស់កម្ពុជា ដែលបណ្តាលមកពីការឈ្លានពានទាំងកម្រោលរបស់ថៃ។

ឯកឧត្តមប្រធានគណៈប្រតិភូបានអបអរសាទរការទទួលធ្វើជាម្ចាស់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងសូមឱ្យកម្ពុជាទទួលបានជោគជ័យ ហើយភាគីបារំាងបានត្រៀមជាស្រេចនៅក្នុងការគំាទ្រដល់កម្ពុជា ដើម្បីរៀបចំកិច្ចប្រជុំនោះឱ្យបានទទួលបានជោគជ័យ។ ទាក់ទងជម្លោះព្រំដែនកម្ពុជា-ថៃ បារំាងត្រៀមខ្លួនផ្តល់ឯកសារដើមដែលមានដល់កម្ពុជា។ ឯកឧត្តម ថូម៉ាស់ ឡាំ បានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីបារំាងមកកម្ពុជា ស្របពេលនិងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០នោះ នឹងធ្វើឱ្យប្រទេសទំាងពីររកឃើញនូវលទ្ធភាពជាច្រើនទៀត នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការនាំមកនូវផលប្រយោជន៍រួម។
សម្តេចប្រធានរដ្ឋសភាអរគុណរដ្ឋសភាបារំាងដែលបានគំាទ្រដល់រដ្ឋសភាកម្ពុជានៅក្នុងការអភិវឌ្ឍស្ថាប័នជាសភាឌីជីថល់ និងស្នើរដ្ឋសភាបារំាងបន្តផ្តល់ការបណ្តុះបណ្តាលវគ្គខ្លីៗដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាបន្ថែមទៀត។ សម្តេចបានស្នើសុំភាគីបារំាង ជំរុញវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ បន្ថែមទៀតមកកម្ពុជា ពិសេសការពិនិត្យលទ្ធភាពក្នុងការភ្ជាប់ជើងហោះហើរត្រង់ បារំាង-កម្ពុជា ឡើងវិញ ផងដែរ៕





-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន5 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ
-
ព័ត៌មាន2 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ