ព័ត៌មាន
គណៈកម្មការ JBC កម្ពុជា បញ្ជូនកំណត់ទូតជាថ្មីម្តងទៀតទៅគណៈកម្មការ JBC ថៃ ដើម្បីស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរចុះលើដីជាក់ស្តែង និងបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ន
ភ្នំពេញ៖ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាថ្មីម្តងទៀត កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ន និងស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីមួយ ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ នៅអំឡុងសប្តាហ៍ទីពីរ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា។
ខ្លឹមសារកំណត់ទូតជាថ្មីម្តងទៀតរបស់កម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ រួមមាន៖
១-ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដើម្បីបន្តអនុវត្តការងារបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្ត្រភូមិជោគជ័យនិង ភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ព្រមទាំងសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា។
២- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរដើម្បីចុះវាស់វែងនិងបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន), តំបន់ច្រកទ្វារ ព្រំដែនអន្តរជាតិថ្មដា (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនអូរភ្លុកដំរី (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនច១ (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់) និងតំបន់ព្រំដែនផ្សេងទៀ នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។
៣- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរដើម្បីចុះវាស់វែងនិងខណ្ឌសីមាលើដី ជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (ខ្សែព្រំដែនដើរតាមផ្លូវទឹក និង ខ្សែព្រំដែនជាបន្ទាត់ត្រង់) នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
៤-ស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំ អនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីមួយ ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ នៅអំឡុងសប្តាហ៍ទីពីរ ខែមីនា ឆ្នាំ២០២៦។
៥-គណៈកម្មការ JBC ភាគីកម្ពុជា បានតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពាននិង កាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ ព្រមទាំងការបន្តធ្វើសកម្មភាពរំលោភបំពានលើបូរណភាព ទឹកដីនិងអធិបតេយ្យកម្ពុជា ដោយបង្ហោះដ្រូន រាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ ជីកប្រឡាយ សាងសង់ផ្លូវនិងលេណដ្ឋាន ប្តូរឈ្មោះផ្លូវជាតិលេខ៥៨របស់កម្ពុជា សកម្មភាពកែប្រែបរិស្ថានព្រំដែននៅតំបន់ ប្រាសាទតាមាន់និងប្រាសាទព្រះវិហារ ឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិប្រជាពលរដ្ឋ កម្ពុជា និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបញ្ជាក់ថា សកម្មភាពទាំងអស់នេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន MOUឆ្នាំ២០០០ កំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC និងកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការ JBC ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់ជូនសាជាថ្មីដល់ជនរួមជាតិ និងសាធារណជនជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការ ព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន និង មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានអំពាវនាវដល់ជនរួមជាតិ និងសាធារណជនទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ដែលជានិច្ចកាល តែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ៕






-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត