Connect with us

ព័ត៌មាន

CMAC កំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះទុកពីសង្គ្រាម

ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បាន និងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុង ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សង្គ្រោះ និងការពារអាយុជីវិតប្រជាពលរដ្ឋ។ នេះបើតាមសំណេរនៅក្នុងទំព័រហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកCMAC ដែលបានបង្ហោះសារ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ នេះ ដែលជាថ្ងៃខួបលើកទី២៧ នៃ ទិវាជាតិយល់ដឹងពីមីន។

​ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកCMAC បានលើកឡើងថា ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ គឺជាព្រឹត្តិការណ៍សំខាន់របស់ប្រទេសកម្ពុជា ដើម្បីរំលឹកពីគ្រោះថ្នាក់ បង្កឡើងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជំរុញការអប់រំដល់ប្រជាពលរដ្ឋរស់នៅតំបន់ ងាយរងគ្រោះ និងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ គោលបំណងសំខាន់ គឺលើកកម្ពស់ សុវត្ថិភាពសហគមន៍ តាមរយៈការផ្សព្វផ្សាយអប់រំយល់ដឹងពីមីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះ កាត់បន្ថយគ្រោះ ថ្នាក់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ឯកឧត្តម បានបញ្ជាក់ថា រយៈពេល៣៤ឆ្នាំកន្លងមកនេះ កម្ពុជាបានឆ្លងកាត់ដំណើរដ៏វែងឆ្ងាយ ក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតគ្រាប់មីន ព្រមទាំងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានបន្សល់ ទុកផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្ស និងការអភិវឌ្ឍសង្គមជាតិ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិ បាល និងការខិតខំរួមគ្នារបស់ដៃគូអភិវឌ្ឍន៍ កម្ពុជាបានសម្រេចលទ្ធផលគួរឲ្យកត់សម្គាល់ក្នុងការកាត់ បន្ថយគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា អង្គភាពCMAC បាននិងកំពុងបន្តដើរតួនាទីស្នូលយ៉ាងសំខាន់ ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សង្គ្រោះនិងការពារអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងផ្តល់ដីមានសុវត្ថិភាពជូនសហគមន៍សម្រាប់ធ្វើកសិកម្ម សាងសង់លំនៅឋាន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ ជាពិសេសក្នុងបេសកកម្មបោសសម្អាតគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាមសៀមឈ្លានពានដែលជាបន្ទុកថ្មីបន្ថែមទៀត សម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាត្រូវប្រឈមមុខដោះស្រាយទាំងក្នុងដំណាក់កាលចំពោះមុខនិងអនាគតវែងឆ្ងាយបន្តទៀត។

គួរបញ្ជាក់ដែរថា ទិវាជាតិយល់ដឹងពីមីន ២៤ កុម្ភៈ ឆ្នាំ២០២៦ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព»។

អត្ថបទ៖ ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia