ព័ត៌មាន
ជនមានពិការភាពទទួលបានការងារក្នុងស្ថាប័នរដ្ឋ និងឯកជនសម្រេចបានលើសផែនការក្នុងឆ្នាំ ២០២៥
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងរបាយការណ៍សន្និបាតបូកសរុបការងាររបស់ខ្លួន បង្ហាញថា ការទទួលបានការងារធ្វើរបស់ជនមានពិការភាព ទាំងក្នុងស្ថាប័នរដ្ឋ និងក្នុងវិស័យឯកជន មានការកើនឡើងលើសផែនការគ្រោងទុកសម្រាប់ឆ្នាំ ២០២៥កន្លងទៅ។ សម្រាប់ការទទួលបានការងារក្នុងក្រសួងស្ថាប័នរដ្ឋមានការកើនឡើងរហូតដល់ជាង ១០៦ភាគរយ រីឯការទទួលបានការងារនៅតាមបណ្ដាក្រុមហ៊ុន សហគ្រាសឯកជនមានការកើនឡើង ១០ភាគរយ បើធៀបនឹងផែនការសកម្មភាពឆ្នាំ ២០២៥។
ការងារពាក់ព័ន្ធពិការភាព ជាកិច្ចការសំខាន់មួយដែលរាជរដ្ឋាភិបាលកម្ពុជា តែងមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការគាំទ្រ។ ការយកចិត្តទុកដាក់បង្ហាញច្បាស់តាមរយៈ ការគាំពារនានា ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន ដោយមានទាំងការផ្ដល់ជូនកម្មវិធីជំនួយសង្គម រាប់បញ្ចូលទាំងការជំរុញលើការសិក្សាជំនាញបច្ចេកទេស ក៏ដូចជាការជំរុញលើការទទួលបានការងារទាំងក្នុងក្រសួងស្ថាប័នរដ្ឋ ក៏ដូចជាការទទួលបានការងារក្នុងវិស័យឯកជន។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើងក្នុងកម្មវិធីបើកសន្និបាតបូកសរុបការងារថា សេវាសុខុមាលភាពជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់។ ជនមានពិការភាពជាង ប្រាំបួនម៉ឺននាក់ បានទទួលសេវាស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទនៅតាមរាជធានី ខេត្ត ព្រមទាំង ផ្តល់សោហ៊ុយធ្វើដំណើរ និងឧបត្ថម្ភជាប្រាក់អាហារផងដែរ។ លើសពីនេះ គឺការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតមុខរបរជូនជនមានពិការភាព បង្កឱកាសឱ្យជនមានពិការភាពចូលរួមកិច្ចការសង្គមយ៉ាង ពេញលេញ ស្មើភាព និងគ្មានការរើសអើង។ ជនមានពិការភាពជាងមួយម៉ឺននាក់ កំពុងបំពេញ ការងារនៅតាមក្រសួងស្ថាប័នរដ្ឋ រោងចក្រ សហគ្រាស និងវិស័យឯកជននានា។
ជាក់ស្ដែងរបាយការណ៍បូកសរុបការងារប្រចាំ ២០២៥របស់ក្រសួងសង្គមកិច្ច នៅថ្ងៃនេះបង្ហាញថា ជនមានពិការភាពកំពុងបម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋមានចំនួន ៧ ៥០២នាក់ កើនឡើង ១០៦ភាគរយ ធៀបនឹងផែនការសកម្មភាពឆ្នាំ ២០២៥។ បើធៀបនឹងចំនួនកាលពីឆ្នាំ ២០២៤មានការកើនឡើងជាង ៣ ៦០០នាក់ ស្មើនឹង ៩៧ ភាគរយ។
សម្រាប់ការទទួលបានការងារ របស់ជនមានពិការភាពក្នុងវិស័យឯកជនវិញ មានចំនួន ៦ ៩០៥នាក់ កើនឡើង ១០ភាគរយនៃផែនការសកម្មភាពឆ្នាំ ២០២៥។ បើធៀបនឹងទិន្នន័យឆ្នាំ ២០២៤ គឺមានការកើនឡើងជាង ១ ២០០នាក់ ស្មើនឹង ២១ភាគរយ។
ក្រៅពីការគិតគូដល់ចំណុចខាងលើនេះ ក៏មានការគិតគូដល់ហេដ្ឋារចនាសម្ព័ន្ធ ដែលផ្ដល់ជាភាពងាយស្រួលសម្រាប់ជនមានពិការភាព។ ជាក់ស្ដែងអាគារដែលមានហេដ្ឋារចនាសម្ព័ន្ធបង្កភាពងាយស្រួលសម្រាប់ជនមានពិការភាព មានចំនួន ៥១៥អាគារ កើនឡើង ៩៣០ភាគរយ ធៀបនឹងផែនការសកម្មភាពឆ្នាំ ២០២៥។
អត្ថបទ៖គឹមហុក




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣