Connect with us

ព័ត៌មាន

រាជរដ្ឋាភិបាលកំពុងធ្វើការយ៉ាងសកម្មទាំងក្នុង និងក្រៅប្រទេសដើម្បីការពារបូរណភាពទឹកដី និង​ប្រជាពលរដ្ឋ

រាជរដ្ឋាភិបាលកំពុងធ្វើការយ៉ាងសកម្មទាំងក្នុង និងក្រៅប្រទេសដើម្បីការពារបូរណភាពទឹកដី និង​ប្រជា​ពលរដ្ឋប្រឆាំងនឹងការរំលោភឈ្លានពានរបស់យោធាថៃ ខណៈបាន​ចាត់​ទុក​ការការពារ​បូរណ​​ភាព​ទឹក​ដី និងប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុត។ នេះបើតាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញ​ឡើង​ថ្លែង​បទ​អន្ត​រាគមន៍​ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេសស្វីស ដោយ​សង្កត់​ធ្ងន់​លើ​ការ​រំលោភ​បំពាន​របស់​យោធាថៃ​មក​លើ​បូរណ​ភា​ព​ទឹកដីកម្ពុជានិងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា។

ជាក់ស្តែង ប្រជាជនស៊ីវិលជិត៦៥ ម៉ឺននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែង ហើយរហូតមកទល់បច្ចុប្បន្ន នៅមានប្រជាពលរដ្ឋជិត៨ម៉ឺននាក់ទៀត នៅមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារតែយោធាថៃបានរារាំងតាមរយៈការរាយបន្លាលួស ដាក់ពង្រាយទូរកុងតឺន័រដើម្បីបិទផ្លូវដែលផ្ទុយស្រឡះពីកិច្ចព្រមព្រៀងក្នុងការអនុញ្ញាតឱ្យជនស៊ីវិលអាចវិលត្រឡប់ទៅលំនោះឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ លើសពីនេះ ផ្ទះសម្បែងរបស់ពួកគេ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងគោរពបូជាតាមជំនឿសាសនាផងត្រូវបានបំផ្លិចបំផ្លាញ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធយោធាត្រូវបានសាងសង់ក្នុងទីតាំងទាំងនោះ។

ដោយចាត់ទុកជាសកម្មភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងនានាដែលបានឯកភាពគ្នា ដើម្បីធានាធ្វើយ៉ាងណាឱ្យស្ថានការណ៍វិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលត្រឡប់ទៅកាន់លំនៅឋានវិញដើម្បីប្រកបរបរ និងអាចអនុវត្តសិទ្ធិផ្នែកវប្បធម៌ និងជំនឿសាសនាជាធម្មតាឡើងវិញដូចកាលពីមុនស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

នៅក្នុងប្រទេសឯណេះវិញ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាថ្មីម្តងទៀតកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង និងសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា។

កំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន) តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា តំបន់ព្រំដែនអូរភ្លុកដំរី តំបន់ព្រំដែនច១ (ក្នុងភូមិសាស្ត្រ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់) និងតំបន់ព្រំដែនផ្សេងទៀត ព្រមទាំងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា(ខ្សែព្រំដែនដើរតាមផ្លូវទឹក និងខ្សែព្រំដែនជាបន្ទាត់ត្រង់) ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

គណៈកម្មការ JBC ភាគីកម្ពុជា ក៏បានស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ(OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីមួយ ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ នៅអំឡុងសប្តាហ៍ទីពីរ ខែមីនា ឆ្នាំ២០២៦។

ទន្ទឹមនឹងនោះ គណៈកម្មការ JBC ភាគីកម្ពុជា ក៏បានតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពាននិងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ ព្រមទាំងការបន្តធ្វើសកម្មភាពរំលោភបំពានលើបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជា ដោយបង្ហោះដ្រូន រាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ ជីកប្រឡាយ សាងសង់ផ្លូវនិងលេណដ្ឋាន ប្តូរឈ្មោះផ្លូវជាតិលេខ៥៨របស់កម្ពុជា សកម្មភាពកែប្រែបរិស្ថានព្រំដែននៅតំបន់ប្រាសាទតាមាន់និងប្រាសាទព្រះវិហារ ឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ។ សកម្មភាពទាំងនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន MOU ឆ្នាំ២០០០ កំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការ JBC ។

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ក៏បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris)គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។ ក្នុងន័យនេះ គណៈកម្មការចម្រុះ JBC កម្ពុជានឹងបន្តអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។

សកម្មភាពការទូតយ៉ាងសកម្ម មមាញឹក និងបន្តឥតដាច់ ទាំងក្នុងនិងក្រៅប្រទេសដូចបានជម្រាបជូនខាងលើ សបញ្ជាក់យ៉ាងច្បាស់ថា ការការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល និងប្រឆាំងដាច់ខាតចំពោះការរំលោភបំពានលើបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី បន្តជ្រោងទង់សាមគ្គី ឯកភាពជាតិខ្មែរដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាដោយសន្តិវិធី តាមគោលការណ៍ច្បាប់អន្តរជាតិ ដែលជាជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាល៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia