ព័ត៌មាន
អ្នកដំណើរសាទរចំពោះការត្រួសត្រាយផ្លូវជុំវិញផ្សារដើមគរចាស់បានស្អាតឡើងវិញលែងរំខានដល់ការធ្វើចរាចរណ៍
ដងផ្លូវនានានៅជុំវិញផ្សារដើមគរចាស់ ត្រូវបានអាជ្ញាធរបើកឲ្យធ្វើលំហូរចរាចរណ៍វិញទាំងអស់ហើយ ខណៈ ការរៀបចំសណ្តាប់ធ្នាប់ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្រេចលទ្ធផល៩០ភាគរយហើយ។ អ្នកដំណើរសាទរ ចំពោះការត្រួសត្រាយផ្លូវនេះឱ្យទូលាយវិញ។

ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការផ្ទេរអាជីវករដែលលក់ដូរនៅលើផ្លូវ និង ចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគរ ដែលធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគរ ពិសេសមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងផ្លូវលេខ២៣០ ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌបឹងកេងកង មកដល់ពេលនេះ មានសណ្តាប់ធ្នាប់ល្អប្រសើរប្រមាណ៩០ភាគរយហើយ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញបានចាត់វិធានការមិនឱ្យអាជីវករលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ក្នុងរយៈពេលជាង១ខែកន្លងមកនេះ។

ឯកឧត្តម បានមានប្រសាសន៍ថា ការសម្រេចបានជោគជ័យដ៏ធំធេងនេះ គឺបានមកពីការយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត មិនថាយប់ ថ្ងៃរបស់អាជ្ញាធរ និងកងកម្លាំង ហើយអ្វីដែលពិសេសថែមទៀតនោះ គឺការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ។ ការគាំទ្រនេះ ក៏ព្រោះតែការអនុវត្តការងារប្រកបដោយភាពទន់ភ្លន់ ស្លូតបូត តែម៉ឺងម៉ាត់ និងធ្វើឡើងដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋ១៧លាននាក់។
ពលរដ្ឋរស់នៅក្នុងតំបន់ និងអ្នកដំណើរដែលឧស្សាហ៍ឆ្លងកាត់ សម្តែងក្តីសាទរសប្បាយរីករាយ ចំពោះការរៀបចំដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភ័ណ្ឌភាពល្អប្រសើរឡើង ដើម្បីបរិស្ថានអនាម័យល្អ ក្នុងទីក្រុង ។

ទន្ទឹមនឹងការរៀបចំសណ្តាប់ធ្នាប់នៅតំបន់ខាងលើ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ និងម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតិឱ្យមានការលក់ដូរបំពានលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវឡើយ។ ចំពោះការងារដោះស្រាយការកកស្ទះចរាចរណ៍តាមដងផ្លូវវិញក៏ត្រូវរួមគ្នាធ្វើឡើងជាប្រចាំផងដែរ ដោយនៅពេលនេះនៅរាជធានីភ្នំពេញ មានយានជំនិះច្រើនជាងចំនួនមនុស្សទៅហើយ ៕ អត្ថបទ ៖ លីហេង







-
ព័ត៌មាន6 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ