ព័ត៌មាន
ថ្នាក់ដឹកនាំធុរកិច្ចអឺរ៉ុបជាច្រើន នឹងជួបមន្ត្រីជាន់ខ្ពស់កម្ពុជានៅភ្នំពេញនៅដើមខែក្រោយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ABC) នឹងដឹកនាំគណៈប្រតិភូអាជីវកម្មអឺរ៉ុបទៅកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៤ ដល់ទី ៥ មីនា ដើម្បីចូលជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រី, និងមន្ត្រីរាជការ ជាន់ខ្ពស់របស់កម្ពុជា ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងការវិនិយោគ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាពាណិជ្ជកម្មអឺរ៉ុប–អាស៊ាន (EU-ABC)។
បើតាមសេចក្ដីប្រកាសព័ត៌មាន ទស្សនកិច្ចរយៈពេលពីរថ្ងៃនេះរួមមានការជួបសម្តែងការគួរសម និង ពិភាក្សាជាមួយ សមាជិកថ្នាក់ដឹកនាំ សេដ្ឋកិច្ចសំខាន់ៗ រួមមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល។ ជាមួយគ្នានេះផងដែរ, ប្រតិភូគ្រប់គ្រងជាន់ខ្ពស់ជាង ៣០ រូប ដែលតំណាងឱ្យក្រុមហ៊ុន អឺរ៉ុបជាង ១៥ក្រុមហ៊ុនផ្សេងៗគ្នា ដែលស្ថិតនៅវិស័យ ដឹកជញ្ជូន ផលិតផលប្រើប្រាស់ ហិរញ្ញវត្ថុ និង អាកាសចរណ៍នឹងមកកាន់ប្រទេសកម្ពុជា។
កិច្ចពិភាក្សានឹងផ្តោតលើភាពរីកចម្រើនរបស់កម្ពុជា ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ តួនាទីសំខាន់កាន់តែខ្លាំង ឡើងរបស់ប្រទេសកម្ពុជា សម្រាប់អាជីវកម្មអឺរ៉ុប និងឱកាសក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច អឺរ៉ុប–កម្ពុជា និង អឺរ៉ុប–អាស៊ានទាំងមូល។
“កម្ពុជាជាទីផ្សារកំពុងលេចធ្លោសំខាន់មួយដែលភ្ជាប់អាស៊ីអាគ្នេយ៍ជាមួយអឺរ៉ុប ហើយអាជីវកម្មអឺរ៉ុបកំពុងចាប់អារម្មណ៍ស្វែងយល់ពីឱកាសបន្ថែមនៅក្នុងប្រទេសនេះ” លោក នូអែល ខ្លេហេន (Noel Clehane) អនុប្រធាន EU-ABC ដែលនឹងដឹកនាំគណៈប្រតិភូ បានមានប្រសាសន៍។ លោកបន្ថែមថា៖ “ពួកយើង រំពឹងថានឹងពិភាក្សាភាពជាដៃគូ និងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជនដែលអាចគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចរបស់ កម្ពុជា និងសមាហរណកម្មក្នុងខ្សែចង្វាក់តម្លៃសកល។”
កម្មវិធីទស្សនកិច្ចក៏មានការជួបជាមួយភាគីពាក់ព័ន្ធ និងតំណាងជាន់ខ្ពស់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសុខាភិបាល, និងក្រសួងបរិស្ថាន ជាដើម។ ការចូលរួម ទាំងនេះនឹងជាវេទិកាសម្រាប់តម្រង់ផលប្រយោជន៍យុទ្ធសាស្ត្រ និងស្វែងរកឱកាស អាជីវកម្មក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុឌីជីថល ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខាភិបាល ដែលជាវិស័យស្នូលសម្រាប់ការលូតលាស់រីកចំរើនយូរអង្វែងរបស់កម្ពុជា។
“ទស្សនកិច្ចនេះកើតឡើងនៅពេលសំខាន់មួយសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម អឺរ៉ុប–អាស៊ាន ខណៈពេល ដែលទាំងពីរភាគី កំពុងពង្រឹងភាពជាដៃគូរយៈពេលវែង ក្នុងបរិបទភាពមិនច្បាស់លាស់នៃពាណិជ្ជកម្ម សកល និងសេដ្ឋកិច្ចពិភពលោកដែលកំពុងផ្លាស់ប្តូរ” លោក គ្រីស ហាំភ្រី (Chris Humphrey) អគ្គនាយក EU-ABC បានមានប្រសាសន៍។ លោកបន្ថែមថា៖ “កម្ពុជាបានធ្វើបានជោគជ័យគួរឱ្យកត់សម្គាល់ចាប់តាំង ពីការទស្សនកិច្ចចុងក្រោយ របស់ EU-ABC នៅឆ្នាំ ២០២៣ ហើយយើងជឿថា កម្ពុជានឹងបន្តមានតួនាទី សំខាន់ក្នុងការរៀបចំ ទំនាក់ទំនងសេដ្ឋកិច្ច រវាងអឺរ៉ុប និង អាស៊ីអាគ្នេយ៍។”

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣