Connect with us

ព័ត៌មាន

មួយឆ្នាំ២០២៥ កម្ពុជាចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនសរុបជាង ២៦១ពាន់សំណើ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការ​សម្របសម្រួល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​ចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុប ២៦១ ពាន់សំណើ ក្នុង​នោះសហគ្រាសធុនមីក្រូ ចំនួន ២.៧៩៣ សំណើ កម្មករ-និយោជិត ៦.១០៥ សំណើ និង​បុគ្គល​ស្វ័យ​និយោជន៍ ២៥២ ពាន់សំណើ។

យោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បង្ហាញឱ្យ ដឹងថា ជុំវិញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​ចុះឈ្មោះតា​ម​ថ្នាល​ឌីជីថល​ចុះ​ឈ្មោះអ្ន​ក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ, គណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​នាពេលកន្លងមកនេះ បានបើកយុទ្ធនាការផ្សព្វផ្សាយ បានចំនួន ៨ រាជធានី-ខេត្តរួមមាន រាជ​ធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តតាកែវ ខេត្ត​កណ្តាល ​និងខេត្តកំពង់ចាម ដោយក្នុងមួយខេត្ត មានអ្នកចូលរួមប្រមាណ ៣ ពាន់នាក់ ក្នុង​នោះ​បើ​គិត​សរុបទាំង ៧ ខេត្ត មានចំនួនប្រមាណ ២៦ ម៉ឺននាក់។

ផ្អែក​លើយុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ខាធិការដ្ឋាន​​គណៈកម្មាធិការសម្រប សម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក.) បាន​អនុវត្ត​កិច្ច​ការ​ចុះ​ឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងនោះគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥, គ.ស.អ.ស.ក. ​ទទួលបានការចុះឈ្មោះតាមផ្ទាលឌីជីថល មានចំនួនសរុប ២៦១ ពាន់សំណើ ក្នុង​នោះមាន សហគ្រាសធុនមីក្រូ បានចំនន ២.៧៩៣ សំណើ, កម្មករ-និយោជិត ៦.១០៥ សំណើ និងបុគ្គលស្វ័យនិយោជន៍ជាង ២៥២ ពាន់ សំណើ។

ជុំវិញបញ្ហានេះ, គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ កន្លងមកបាន​រៀប​ចំ​កិច្ចប្រជុំផ្សព្វផ្សាយស្តីពី កញ្ចប់អត្ថប្រយោជន៍ និងយន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយ​បានចុះដល់ ផ្សារស្ទឹងត្រែង ដើម្បីចុះឈ្មោះជូនបងប្អូនអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្ត​ស្ទឹង​ត្រែង និងបានសហការ និងចូលរួមយុទ្ធការផ្សព្វផ្សាយតាមរយៈឡាន នៅតាមបណ្តាខេត្ត​រួមមាន ​ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តតាកែវ និងខេត្តកណ្តាល ដើម្បីឱ្យ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​យល់​ដឹងកាន់តែទូលាយ ក្រៅពីនេះបាន រៀបចំ និងចូលរួមកិច្ច​ប្រជុំ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​ក្នុងគោលបំណងពង្រឹង កិច្ចការលើការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia