Connect with us

ព័ត៌មាន

កម្មវិធីផ្ដល់អាហារនៅបឋមសិក្សាជួយលើកទឹកចិត្តកុមារឱ្យខិតខំរៀនសូត្រ និងកាត់​បន្ថយ​ចំណាយ​គ្រួសារ

មាតាបិតា និងអាណាព្យាបាលសិស្ស ពេញចិត្ត និងគាំទ្រចំពោះកម្មវិធីផ្តល់អាហារតាមសាលារៀន បាន​ជួយ​ឱ្យកុមារខិតខំរៀនសូត្រ ដោយទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ និង​ក៏​បាន​ជួយ​កាត់​បន្ថយ​ការ​ចំណាយលើការផ្គត់ផ្គង់អាហារពេលព្រឹកដល់ពួកគេ។

ប្រជាពល​រដ្ឋរស់នៅក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លើក​ឡើង​ថា ​កម្មវិធីនេះ បានរួមចំណែកកាត់បន្ថយនូវពេលវេលា និងការចំណាយ ដោយពួក​គាត់​មិន​ត្រូវ​រវល់​​ច្រើននឹងការក្រោកពីព្រឹកដើម្បីចំអិន ឬទិញអាហារឲ្យកូនបរិភោគ សម្រាប់ពេលព្រឹក ខណៈ​ជា​មធ្យមត្រូ​វចំណាយលើអាហារពេលព្រឹកកូនៗ ពី១០០០រៀល ទៅ២០០០រៀល ។

ពលរដ្ឋបន្តថា ទុកចិត្តនឹងអាហារដែលសាលារៀបចំ ព្រោះពេលកូនៗពួកគាត់បរិភោគទៅ ពុំ​ដែល​មាន​បញ្ហា​សុខភាពអ្វីនោះដែរ ទាំងការាក់រុះ ឬក្អួតចង្អោរ ប៉ុន្តែបែរជា​ទទួល​បាន​នូវ​អាហា​រូបត្ថម្ភ​គ្រប់​គ្រាន់ ​ដែលជួយកាត់បន្ថយលើការថែទាំសុខភាពពួកគេផងដែរ ។

សម្រាប់​សិស្សានុសិស្សរៀននៅសាលាបឋមសិក្សាប្រាសាទជាងទង ស្ថិតក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយ​ជ្រុំ ស្រុករលាប្អៀរ បានឲ្យដឹងថា របបអាហារពេលព្រឹក ដែលផ្ដល់ដោយសាលា បាន​ជួយ​បញ្ចៀស​ការ​រំខាន ដល់ការសិក្សារបស់ពួកគេ ព្រោះមានអាហារបរិភោគគ្រប់គ្រាន់ ហើយផ្ដោតតែ​លើ​ការ​សិក្សា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡាមានប្រសាសន៍ថា កម្មវិធីផ្តល់អាហារតាមសាលារៀននៅកម្ពុជា មានសាលា​រៀន​គោលដៅ​ចំនួន​ជាង ១ពាន់សាលា នៅក្នុងខេត្តចំនួន១០ ដែលមានសិស្សទទួលផលសរុបប្រមាណ ៣ម៉ឺន​នាក់​។ កម្មវិធីនេះប្រើប្រាស់កសិផល ក្នុងសហគមន៍មានគោលបំណងទ្រទ្រង់ ការលូត​លាស់​កាយ​សម្បទា និងបញ្ញា ស្មារតីក្នុងការ​ទទួល​យក​ការ​សិក្សា​តាមរយៈ​ការ​ផ្ដល់​អាហា​រូបត្ថម្ភ​ដល់​កុមារ​នៅ​តំបន់ ដែលមានអសន្ដិសុខស្បៀងខ្ពស់ និងកម្រិតការអប់រំទាប ព្រមទាំង​រួម​ចំណែក​បង្កើន​អត្រា​ចុះឈ្មោះចូលរៀន និងកាត់បន្ថយ អត្រាបោះបង់ការសិក្សានៅបឋមសិក្សាផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia