ព័ត៌មាន
NOCC បញ្ជ្រាបចំណេះដឹងរដ្ឋបាលកីឡា ដល់មន្ដ្រី និងគ្រូកីឡា ២៤រូប នៅខេត្តកណ្ដាល
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំវគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពីរដ្ឋបាលកីឡាប្រចាំឆ្នាំ២០២៦ ដល់សិក្ខាកាមចំនួន ២៤រូប ដែលជាមន្ដ្រី និងគ្រូកីឡា កំពុងបម្រើការងារនៅខេត្តកណ្ដាល ដើម្បីលើកកម្ពស់ចំណេះដឹងរដ្ឋបាលកីឡា ក៏ដូចជាពង្រឹងសមត្ថភាពដឹកនាំ គ្រប់គ្រង និងរួមចំណែកអភិវឌ្ឍសកម្មភាពកីឡាក្នុងមូលដ្ឋានរបស់ខ្លួន។

វគ្គសិក្សានេះ មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ខណៈពិធីបិទបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ណយ ផាណា ទីប្រឹក្សាប្រចាំការ តំណាងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយក៏មានការចូលរួមពីលោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល ផងដែរ។
ឯកឧត្ដម ណយ ផាណា បានគូសបញ្ជាក់ថា ឆ្លងកាត់ការសិក្សារយៈពេល ៤ថ្ងៃ វគ្គនេះបានផ្ដល់នូវមេរៀនសំខាន់ៗជាច្រើន ក្រៅពីប្រវត្តិ និងរចនាដឹកនាំរបស់ចលនាអូឡាំពិកអន្តរជាតិ ក៏បានផ្ដល់ចំណេះដឹងផ្នែកអភិបាលកិច្ចល្អ វេជ្ជសាស្ដ្រ និងការរៀបចំព្រឹត្តិការណ៍ ដើម្បីពង្រឹងសមត្ថភាពដឹកនាំ គ្រប់គ្រង ដល់មន្ដ្រី និងគ្រូកីឡាជំនាញ សម្រាប់យកទៅអនុវត្ត និងជំរុញវិស័យកីឡាក្នុងខេត្តឲ្យកាន់តែរីកចម្រើនផងដែរ។

ក្រោយត្រូវបានជ្រើសរើសរៀបចំវគ្គដ៏មានសារៈសំខាន់នេះ លោក ចេង សំអ៊ុល សង្ឃឹមថា សិក្ខាកាមដែលជាមន្ដ្រីការិយាល័យអប់រំកាយ និងកីឡា ក៏ដូចជាគ្រូកីឡា មកពីបណ្ដាលក្រុង-ស្រុកក្នុងខេត្ត នឹងយកចំណេះដឹងទៅអនុវត្តកាន់តែមានប្រសិទ្ធភាព សម្រាប់បំផុសសកម្មភាពកីឡាដល់សិស្ស និងយុវជនឲ្យចូលរួមលេង និងយល់ដឹងពីអត្ថប្រយោនជន៍នៃការលេងកីឡា ដើម្បីលើកកម្ពស់សុខភាពសាធារណៈផង និងចៀសឆ្ងាយពីការយកពេលទំនេរទៅប្រព្រឹត្តអំពើសង្គមស្អប់ខ្ពើមផង។
គួរដឹងថា បន្ទាប់ពីបញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដែលបង្រៀនដោយគ្រូឧទ្ទេសមានបទពិសោធន៍យូរឆ្នាំ ក្នុងចំណោមសិក្ខាកាមចូលរួម ២៤រូប គឺមានសិក្ខាកាមទទួលបានិទ្ទេស A ចំនួន ១០រូប, និទ្ទេស B ចំនួន ១១រូប, និទ្ទេស C ចំនួន ២រូប និងសិក្ខាកាមទទួលបាននិទ្ទេស D ចំនួន ១រូប៕ អត្ថបទ លី ឈុនឡា




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣