ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្ដសៀមរាបរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៩
ក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្ដសៀមរាប បានរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៩ រយៈពេល៤ថ្ងៃ ដែលពិធីនេះ ធ្វើឡើងនៅសួនច្បារក្បែព្រះរាជដំណាក់ ក្រុងសៀមរាប ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា ពិព័រណ៌ផលិតផលនេះ ដើម្បីចូលរួមបំផុសបំផុលដល់ម្ចាស់កសិដ្ឋាននានាក្នុង និងក្រៅខេត្តយកនូវផលិតផលរបស់ខ្លួនមកដាក់តាំងពិព័រណ៍ចែកជូនដល់អ្នកខេត្តសៀមរាប និងដល់ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាខេត្តសៀមរាប ដើម្បីឈានដល់ការលប់បំបាត់នូវការនាំចូលបន្លែផ្លែឈើពីបរទេស ពិសេស ប្រទេសជិតខាង។ លោកបានបន្ដថា ខេត្តសៀមរាប ក្រៅពីវិស័យវិស័យទេសចរណ៍ ដែលជាវិស័យអាទិភាព នៅមានវិស័យជាច្រើនទៀត ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្ត ក្នុងនោះវិស័យកសិកម្ម សេវាកម្ម និងការកែច្នៃផលិតផល សំខាន់ៗដូចជា ផលិតផលកែច្នៃ មានប្រហុក សាច់ក្រក នំ ព្រមទាំងការរក្សាបាននូវអត្តសញ្ញាណរបស់ខ្លួនជាដើម។

លោកបានឱ្យដឹងថា ក្រៅពីផលិតផល កសិ-ឧស្សាហកម្ម ក៏មានដំណាំរួមផ្សំដូចជា បន្លែ និងផ្លែឈើ ហើយបច្ចុប្បន្ន ផលិតផល ទាំងនេះ កសិករយើងអាចផលិតបានមួយចំនួនធំ ដែលប្រកបដោយគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព និងបានធ្វើការផ្គត់ផ្គង់មកកាន់ទីផ្សារ ប៉ុន្តែបរិមាណតម្រូវការចំពោះបន្លែ និងផ្លែឈើសុវត្ថិភាពនៅមានទំហំធំ និងប្រកបដោយការប្រកួតប្រជែង។
លោកបន្ថែមថា សហគ្រាសធុនតូច និងមធ្យម ក្នុងខេត្តសៀមរាប កំពុងតែមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្ដែការផលិតរបស់យើងនៅមានកម្រិត និងពុំទាន់ធានា បានទៅតាមតម្រូវការប្រើប្រាស់នៅឡើយ នាំឱ្យមានការហូរចូលនូវផលិតផលពីបរទេសជាច្រើន ដែលរាប់ទាំងទំនិញ បន្លែផ្លែឈើ ត្រី សាច់ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ ជាមួយនេះ ផលិតផលក្នុងស្រុកក៏មានការជួបប្រទះនូវការលំបាក ក្នុងការប្រកួតប្រជែងផលិតផលរបស់ខ្លួន ជាមួយផលិតផលនាំចូល។ លោកស្នើឱ្យផលិតករក្នុងស្រុកត្រូវខិតខំពង្រឹងគុណភាព សុវត្ថិភាព ការវេចខ្ចប់ ប្រកបដោយអនាម័យ ការដាក់ស្លាកច្នៃផលិតឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស និង តាមតម្រូវការអ្នកប្រើប្រាស់ ជាមួយនឹងតម្លៃ ដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល។

ឯកឧត្ដម សំហេង បូរា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ព្រឹត្តិការណ៍ពិព័រណ៍នេះ ជាព្រឹត្ដិការណ៍ប្រចាំឆ្នាំ ក្នុងគោលបំណងជំរុញលើកកម្ពស់ និងបង្ហាញពីសក្ដានុពលផលិតផលខ្មែរ និងផ្គូរផ្គងធុរៈជននៅក្នុងប្រទេស ដែលមានការចូលរួមពីបណ្ដាសហគ្រាសក្រុមហ៊ុនជាច្រើន ដែលធ្វើឱ្យមានការទាក់ទាញអ្នកទេសចរជាតិនិងអន្ដរជាតិផងដែរ បង្កើនសកម្មភាពពាណិជ្ជកម្ម ជាពិសេស ជំរុញនូវសេដ្ឋកិច្ចជាតិនៅមូលដ្ឋាន។ ពិព័រនេះ ជាវេទិកាសម្រាប់អាជីវករ ពាណិជ្ជករ ប្រតិបត្ដិករណ៍ សេវាករ អ្នកនាំចេញនាំចូលផ្លែឈើ អ្នកដាំដុះបន្លែផ្លែឈើមកពីតាមបណ្ដាខេត្ដ និងនៅក្នុងខេត្ដជាដើម។ឯកឧត្ដមបានបន្ដថា ពិព័រណ៌ មានការដាក់តាំងលក់ផលិតផលខ្មែរ ដែលមានគុណភាព ជាផផលិតផលដោយកូនខ្មែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍នេះ រៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមានការចូលរួមគាំទ្រពីរដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត រួមមាន៖ មន្ទីរ-ស្ថាប័នចំណុះខេត្ត អង្គការ សមាគម សហគមន៍ កសិដ្ឋាន ក្រុមហ៊ុន សហគ្រាស ផលិតករ អាជីវករ និង «ផ្សារចុងសប្តាហ៍» នៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)ចំនួនជាង១១០ស្តង់ពិព័រណ៍ នឹងដាក់តាំងបង្ហាញ-លក់ទំនិញសម្គាល់ភូមិសាស្រ្ត ផលិតផលកសិកម្ម បន្លែផ្លែឈើស្រស់ ផលិតផលសិប្បកម្ម តម្បាញ សូត្រ វត្ថុអនុស្សាវរីយ៍ ត្បូងមានតម្លៃ គ្រឿងអលង្ការ អាហារនិងភេសជ្ជៈ ផលិតផលហាឡាល និងសេវាកម្មធនាគារ ជាដើម៕ អត្ថបទ៖ ឈិត សាវី






-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ